(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីគ្រឿងញៀនដែលបង្ក្រាបបាន នៅមជ្ឈមណ្ឌលកម្សាន្ដ Rock ក៏មានមន្ដ្រីនគរបាលពាក់ព័ន្ធនៅក្នុងនោះដែរ ហើយរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែតាមរកចាប់ខ្លួន។

សម្ដេចក្រឡាហោម ស ខេង ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ មិនត្រូវស្ទាក់ស្ទើរចំពោះការតាមចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនោះឡើយ ពោលត្រូវតែចាប់ខ្លួនមកផ្ដន្ទាទោសទាំងអស់។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចត្រូវប្រឹងប្រែង ហើយសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធក្នុងរឿងហ្នឹងដាច់ខាត (បញ្ហាគ្រឿងញៀន) នៅក្នុងចំណោមមុខសញ្ញានៅ Rock មានប៉ូលីសចូលពាក់ព័ន្ធនៅក្នុងហ្នឹង ដែលជាមុខសញ្ញាកំពុងតែតាមរកចាប់ខ្លួន ដូច្នេះយើងមិនត្រូវស្ទាក់ស្ទើរ ចំពោះបញ្ហានេះទេ គឺត្រូវបន្ដធ្វើទៀត»

ក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នេះ ព្រោះ បញ្ហាគ្រឿងញៀនជារឿងក្ដៅកគុក ដែលទាំងអស់គ្នាកំពុងចូលទប់ស្កាត់។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបានចាប់រឹបអូសនូវគ្រឿងញៀន បានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការដើម្បីបំផ្លាញទីតាំងចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបាន រឹបអូសគ្រឿងញៀនបន្ថែមទៀត បានប្រមាណជិត៥០គីឡូក្រាម៕