(ប៉ៃលិន)៖ លោកវរសេនីយទោ ផង់ ជឿម ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបើកប្រតិបត្តិការចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់ (ស្រី០២នាក់) និងដកហូតសារធាតុញៀនម៉ាទឹកកក ICE ចំនួន១០កញ្ចប់។

ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេខ្យងអាំង ស្ថិតនៅក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ផង់ ជឿម បានឱ្យដឹងនៅថ្ងៃទី១៨​ ខែ​មីនា ឆ្នាំ២០១៩នេះថា ដោយអនុវត្តន៍តាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងនគរបាយខេត្ត កម្លាំងរបស់លោកបានចុះបង្រ្កាបទាន់ពេលវេលានូវករណីប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ខាងលើនេះតែម្តង។

លោក វរសេនីយទោរូបនេះបានបញ្ជាក់ទៀតថា នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមមាន៖

* ទី១៖ ឈ្មោះ សុន វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី២៖​​ ឈ្មោះ លី វ៉ា (ហៅអារ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី៣៖ ឈ្មោះ ម៉ូង រិទ្ធី (ហៅអាង៉ង់) ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី៤៖ ឈ្មោះ ភឹម ស្រីអូន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី៥៖ ឈ្មោះ ម៉ាន សៅអ៊ុយ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះ បានដកហូតវត្ថុតាង និងសម្ភារៈមួយចំនួនមានដូចជា ម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកកICE) ចំនួន ១០កញ្ចប់ ទំងន់ ៨,៤៧ក្រាម ថ្លឹងទាំងថង់ប្លាស្ទិច និងសម្ភារ:ជក់មួយចំនួន។ បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕