(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំសហការី នាំយកគ្រឿងបរិភោគ និងថវិកាចូលរួមឧបត្ថម្ភរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារកម្មករសំណង់ក្រីក្រមួយ ដែលត្រូវបានជួបឧប្បទេវហេតុ ដួលរលំផ្ទាំងថ្មជញ្ជាំងផ្ទះសង្កត់ពីលើ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតចោលប្រពន្ធ-កូន យ៉ាងអណោចអធ័ម ស្ថិតក្នុងក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

លោកស្រី អាន ផល្លា​ បានលើកឡើងពីការមើលឃើញជាក់ស្ដែង រាល់ការលំបាកខ្វះខាតនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទៅ លោកស្រីក៏បាន​នាំយកថវិកាផ្ទាល់របស់ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងគ្រឿងបរិភោគ មានជាអង្ករអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌ ដែលមានការដឹកនាំចង្អុលបង្ហាញចំគោលដៅ ពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់លើប្រជាពលរដ្ឋក្រីក្រ ចាស់ជរាជួបការខ្វះខាតផ្សេងៗ ឬគ្មានទីពឹងជាដើម ​ពោល​ជាជនងាយរងគ្រោះ​ ដាច់ខាតមិនត្រូវមើលរំលងបានឡើយ។

សូមបញ្ជាក់ថា ជនរងគ្រោះជាកម្មករសំណង់មានឈ្មោះ ធឿន ថុន ហៅប្រឹមប្រីយ៍​ កើតឆ្នាំ១៩៧៥ ​មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចខាងលើ បានស្លាប់បាត់បង់ជីវិត ក្នុងពេលប្រើញញួរវាយកម្ទេចចោលផ្ទាំងថ្មជញ្ជាំងផ្ទះមួយកន្លែង បណ្ដាលឲ្យដួលរលំសង្កត់ពីលើស្លាប់បាត់បង់ជីវិតចោលប្រពន្ធ-កូន យ៉ាងអណោចអធ័ម ស្ថិតនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩៕​