(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ដោយសារតែរដូវនេះ ជារដូវក្តៅខ្លាំង ហើយករណីអគ្គីភ័យនេះតែងតែកើត​មានឡើងជាបន្តបន្ទាប់​ ដែលជាកត្ដាគួរឲ្យព្រួយបារម្ភ និងបង្កើនការយកចិត្តទុកដាក់។

ការអំពាវនាវរបស់អភិបាលខេត្តកំពង់ចាម​ បានធ្វើឡើងនៅរសៀលថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារឧបដ្ឋានសាលាមួយខ្នង និងសមិទ្ធផលនានា នៅក្នុងវត្តគីរីសត្ថារាម ស្ថិតក្នុងភូមិត្បូង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក គួច ចំរើន បានថ្លែងថា «ដោយសាររដូវនេះ គឺជារដូវក្តៅហួត​ហែងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ខ្លះមាន ការជួបប្រទះនូវការខ្វះទឹកប្រើប្រាស់ ដែលប្រការនេះ លោកធ្លាប់បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតំបន់ ដែលមានការខ្វះខាតទឹក សូមឲ្យមានការប្រុងប្រយ័ត្នក្នុងការចេះរក្សាទឹកទុកប្រើប្រាស់នៅរដូវនេះ។ អាជ្ញាធរមូលដ្ឋានរបស់យើង ក៏បានខិតខំធ្វើការដោះស្រាយគ្រប់រូបភាព និងតាមលទ្ធភាពទាំងការអំពាវនាវរកសប្បុរសជន ឲ្យជួយក្នុងការស្ដារអណ្ដូងទឹក ប្រឡាយទឹក និងការជំរុញការតបណ្តាញទឹក ទៅកាន់តំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់នោះ​ផងដែរ»។​

លោក​អភិបាលខេត្ត បានបន្តថា ដោយសារតែរដូវក្តៅហួតហែង ហើយផ្ទះប្រជាពលរដ្ឋភាគច្រើនធ្វើអំពីឈើ ហើយពេលប៉ះនឹងកម្ដៅក្តៅខ្លាំង វាងាយនឹងបង្កឲ្យទៅជាឆេះ ព្រោះថា ២​សប្តាហ៍កន្លងទៅនេះមានអគ្គីភ័យស្ទើរតែរាល់ថ្ងៃ ដូចជាការឆេះព្រៃ ឆេះផ្ទះ និងឆេះកុដិលោកជាដើម ហើយមូលហេតុ ដែលធ្វើឲ្យមានការឆេះផ្ទះនេះ ភាគច្រើនបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ព្រោះប្រជាពលរដ្ឋ​ប្រើខ្សែចាស់ពីមុន​ៗ លុះដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនីច្រើន ធ្វើឲ្យខ្សែចាស់ទ្រាំទ្រមិនបានរលាយទៅឆ្លងប៉ះឈើ ហើយធ្វើឲ្យមានអគ្គីភ័យឆាបឆេះតែម្តង។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋ ដែលបានជួបប្រទះឆ្កែខាំ ស្វាខាំ និងឆ្មាខ្ចៅ ឬក៏ខាំ សូម​ប្រញាប់ទៅ​ទទួលសេវាចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសត្វខាំទាំងនោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​។

លោកបានរំលឹកថា កាលពី​២ ទៅ​៣សប្តាហ៍មុន ប្រជាពលរដ្ឋ​មានការភ្ញាក់ផ្អើលនៃជំងឺឆ្កែខាំ បណ្តាលឲ្យមានមនុស្សស្លាប់ដោយសារតែការយឺតយ៉ាវ មិនបានចាក់ ថ្នាំការពារជំងឺនោះ ប៉ុន្តែពេលបច្ចុប្បន្ននេះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានកន្លែងផ្ដល់សេវាចាក់ថ្នាំការពារជំងឺឆ្កែខាំ ហើយ​ដែលមកដល់ពេលនេះ មានអ្នករងគ្រោះដោយសារតែឆ្កែខាំ ឆ្មាខាំចំនួនជាង​៣០០​នាក់ហើយ​បានទទួលសេវាចាក់ថ្នាំការពារ​។ ​លោកអភិបាល​ខេត្ត បានបញ្ជាក់ថា ចំពោះសេវាចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ គឺសម្រាប់ផ្ដល់ជូនតែ​ប្រជាពលរដ្ឋណាបានរងគ្រោះដោយសារសត្វខាំ ដូចខាងលើនោះតែ​ប៉ុណ្ណោះ៕