(បន្ទាយមានជ័យ)៖ ​លោក សួន​ ​បវរ អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ​ បានរៀបចំកិច្ចប្រជុំពិភាក្សា​​ ដើម្បីរៀបចំផែនការ​សង្ក្រាន្ត​បន្ទាយមានជ័យ ខណៈនៅឆ្នាំ២០១៩នេះ មានលក្ខណៈធំជាងឆ្នាំមុនៗ ដោយមានកម្មវិធីកម្សាន្ត ជាច្រើនបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុ រាត្រី អភិបាលរងខេត្ត, លោក ហ៊ឹល​ រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ ប្រធានមន្ទីរ គ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផង។

លោក សួន​ បវរ ​បានថ្លែង​ថា​ ឆ្នាំនេះខេត្តបន្ទាយមានជ័យ បានត្រៀមកន្លែងលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដល់ទៅ៣កន្លែង ១ក្នុងសួនមានជ័យ ២ក្នុងប្រាសាទបន្ទាយឆ្មា និងទី៣នៅក្រុងប៉ោយប៉ែត និងនៅទីវត្តអារាមសម្រាប់ឱ្យជាពលរដ្ឋមកលេងសម្បាយឱ្យធំជាងឆ្នាំមុនៗ​ ក្នុងនោះមានល្បែងល្បាំប្រជាប្រិយ៍គ្រប់មុខ រាំធុងប៉ាស់ មានតន្ត្រីទំនើប តន្ត្រីស្គរដៃជាដើម។

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមការងារ​អនុគណៈកម្មការសង្ក្រាន្តខេត្តបន្ទាយមានជ័យ ត្រូវសហការអនុវត្តតួនាទី ភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឱ្យបានល្អប្រសើរចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅ ក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីសម្រេចឱ្យរួចរាល់តាមផែនមុនថ្ងៃសង្ក្រាន្ត ចូលមកដល់។

លោក សួន​ បវរ ក៏បានដាស់តឿនដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ពាក់ព័ន្ធត្រូវថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៥ថ្ងៃ ឱ្យមានសណ្តាប់ធ្នាប់ មានភាពស្ងៀមស្ងាត់ នឹងហាមលេងគប់ទឹកដាក់គ្នាជាដាច់ខាត ចុះទៅតាមគោលដៅដូចជានៅតាមទីវត្តអារាមមិនត្រូវបង្កើតក្រុមបងតូចបងធំ និងប្រកាន់បក្សពួកនៅក្នុងវត្តជាដាច់ខាតពិនិត្យ ក្រុមអ្នកជក់គ្រឿងញៀន និងចង់បង្កអុកឡុកនៅក្នុងវត្ត។

លោក​អភិបាល​ខេត្ត​បានបញ្ជាក់ទៀតថា ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះពលករចំណាកស្រុកដែលវិលត្រឡប់មកពីស្រុកថៃ មកលេងបុណ្យចូលឆ្នាំ នៅឯស្រុកកំណើតចង់ធ្វើបាតុកម្មប្រឆាំងផ្តួលរំលំ​រដ្ឋាភិបាល​ ហើយសមត្ថកិច្ចនៅតាមព្រំដែនមិនត្រូវធ្វើបាបពលករ ដែលមកលេងស្រុកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដូចជាយកលុយ និងធ្វើការគំរាមកំហែងជាដាច់ខាត។

សូមជម្រាបជូនថា សង្ក្រាន្តបន្ទាយមានជ័យឆ្នាំនេះ មានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩៕​