(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ចកម្មទ្វេភាគី ឱ្យកាន់តែច្រើនថែមទៀត។

ការប្រកាសអំពីការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងសន្និសីទរួមមួយរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មូន ចេអ៉ិន នៅវិមានសន្តិភាព នាវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីមេដឹកនាំកំពូលប្រទេសទាំងពីរ បានបញ្ចប់ជំនួបពិភាក្សាទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក មូន ចេអ៉ិន មកកាន់ប្រទេសកម្ពុជា ដែលសម្តេចចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ ជាមួយនឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ទាំងទ្វេភាគី និងពហុភាគី។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំអភិវឌ្ឍខ្លួន រហូតដល់ក្លាយទៅជាប្រទេសមួយរីកចម្រើន ព្រមទាំងបានចូលរួមចំណែក អភិវឌ្ឍប្រទេសផ្សេងៗទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េ ដែលបានគាំទ្រកម្ពុជា ជាមួយនឹងការថែរក្សាសន្តិភាព ស្ថិរភាព និរន្តរភាព នៃដំណើរការអភិវឌ្ឍ តាមមាគ៌ា ប្រជាធិបតេយ្យ ព្រមទាំងបានខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយកម្ពុជា។

សម្តេចបានអះអាងថា «យើងបានឯកភាពគ្នា ខិតខំប្រឹងប្រែងពង្រឹកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយបើកទីផ្សារឱ្យកាន់តែទូលាយជាងមុន ​សម្រាប់ផលិតផលកម្ពុជា ជាពិសេសផលិតផល ផលិតផលកសិកម្ម ​ដើម្បីបង្កើតទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសក្តិសមនឹងសក្តានុពល»

លោក មូន ចេអ៉ិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាក្នុងការជំរុញវិនិយោគិនកូរ៉េ មកកាន់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានអះអាងថា ក្នុងជំនួបជាមួយសម្តេចតេជោ ភាគីទាំងពីរ បានពិភាក្សាគ្នាជំរុញពន្លឿនការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិ ដើម្បីជំរុញការរីកចម្រើនបន្ថែមទៀតដល់ប្រទេសកម្ពុជា។

លោកបានមើលឃើញថា កន្លងមកនេះមានក្រុមហ៊ុនជាច្រើន បានមកកាន់ប្រទេសកម្ពុជា ដើម្បីវិនិយោគ។ លោកអះអាងថា ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការចៀសវាការយកពន្ធត្រួត ក្នុងពាណិជកម្មប្រទេសពីរផងដែរ។ មិនតែប៉ុណ្ណោះ កម្ពុជា-កូរ៉េ ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងដឹកជញ្ជូនផងដែរ។

នៅក្នុងសន្និសីទកាសែតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអបអរសាទរ ចំពោះ សាធារណរដ្ឋកូរ៉េផងដែរ ចំពោះការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ជាលើកដំបូង នាពេលខាងមុខនេះ ដើម្បីអបអរដល់ខួប៣០ឆ្នាំ នៃខួបទំនាក់ទំនងអាស៊ាន-កូរ៉េ។

សូមបញ្ជាក់ថា លោក មូន ចេអ៉ិន និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ការវិនិយោគរបស់​កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុប​ចំនួន៤,៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨។ ចំណែកពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​​សរុប មានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀប​នឹង​ឆ្នាំ២០១៧។ ឆ្នាំ​កន្លងទៅនេះ ភ្ញៀវទេសចរកូរ៉េមកទស្សនា​កម្ពុជា​ មាន​ចំនួន​​ជាង​៣០​ម៉ឺន​នាក់។ ជាង​នេះ​ទៅទៀត វប្បធម៌កូរ៉េ ជាពិសេស ភាពយន្ត និងតន្ត្រី បាន​និង​កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជនកម្ពុជា។

អំឡុងទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៥ រួមមាន៖

១៖ កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ 2019-2023 ចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

២៖ អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ។

៣៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចុះហត្ថលេខាដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៉ឺន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ។

៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េ ចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ។

៥៖ អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ៉្យុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ៕