(ព្រះសីហនុ)៖ លោក កែន សម្បត្តិ​ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានសំណូមពរឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវ​រូតរះក្នុងការដាក់លិខិតប្រកាសបង់ពន្ធលើ​ប្រាក់ចំណូល ដែលនឹង​ដល់ឱសានវាទ នៅដំណាច់ខែមីនា ឆ្នាំ​២០១៩​នេះ និងស្នើសូមធ្វើការប្រកាស ឲ្យ​មានភាព​ស្មោះត្រង់។

ការស្នើរបស់លោក កែន សម្បត្តិ បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «កាតព្វកិច្ច​លើ​ប្រាក់​ចំណូល និង​ប្រព័ន្ធ​គ្រប់​គ្រងការបង្វិលសង និងការប្រើ​ប្រាស់ឥណទាន​អាករ​លើតម្លៃបន្ថែម តាម​ប្រព័ន្ធ​អនឡាញ» ដោយមានការចូលរួមពី និងលោក គង់ វិតណៈ អភិបាលរង​ខេត្តព្រះសីហនុ ​ប្រធាន​ពន្ធដារខេត្ត មន្ត្រី​ពន្ធដារ និង​អាជីវករតំណាង​ក្រុម​ហ៊ុន​សហ​គ្រាស​ ជិត៣០០ក្រុមហ៊ុន។

លោក កែន សម្បត្តិ​ បានលើកឡើងថា សិក្ខាកាមដែលបានចូលរួម​ នឹងទទួលបាន​ចំណេះ​ដឹង ចំណេះធ្វើ ជាបទប្បញ្ញតិ និងជាបទពិសោធន៍ ពាក់ព័ន្ធ​ដល់ការបំពេញកា​តព្វ​កិច្ចពន្ធដារ របស់អ្នក​ចាប់​ពន្ធ ហើយក៏ជាប្រយោជន៍ យកទៅអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ និងលិខិតបទ​ដ្ឋានស្តីពី​ពន្ធ​ដារ​ជាធរមាន។

អគ្គនាយករងពន្ធដាររូបនេះ បានបញ្ជាក់ទៀតថា ជាពិសេស ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល និង​ការបំពេញ​នី​តិវិធី នៃពាក្យ​ស្នើ​សុំ​បង្វិល​សង និងការប្រើប្រាស់ ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ។

លោក កែន សម្បត្តិ​ បានបន្ថែមទៀតថា សម្រាប់ឆ្នាំ​២០១៨កន្លងទៅនេះ ចំណូល​ពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩១,៤០ ប៊ីលានរៀល (ប្រមាណ ២១៩៧,៨៥ លាន​ដុល្លារអាមេរិក) ស្មើនឹង ១១៤,២៧% នៃផែនការច្បាប់។ ចំណូល​នេះមិនទាន់គិតដល់ចំណូលអាករលើតម្លៃបន្ថែម ដែលរតនាគារកាត់ទុកពីក្រុមហ៊ុន ដែលផ្គត់ផ្គង់​ទំនិញ ឬសេវាដោយប្រើប្រាស់ថវិកាជាតិ។ ប៉ុន្តែបើបូកទាំងចំណូលអាការលើតម្លៃបន្ថែមនេះ ថែមទៀត ចំណូល​ពន្ធនឹងអាចលើសផែនការប្រមាណ១៥% ប្រហាក់ប្រហែល ឆ្នាំ​២០១៧ដែរ។

លោក កែន សម្បត្តិ ក៏បានបញ្ជាក់ថា អគ្គនាយករដ្ឋានពន្ធដារ ក៏បានធ្វើទំនបើកម្មក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយនេះ ដោយបាន​លើកទឹកចិត្ត​ដល់អ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ​ និងកម្មវិធី របស់​អគ្គនាយករ្ដឋានពន្ធដារ ក្នុងន័យ​ទទួល​បានសេវាអ្នកជាប់ពន្ធ ដែលមានភាព​សាមញ្ញងាយស្រួល មាន​គុណភាព ប្រកបដោយ​តម្លាភាព និងមានសភាពឆាប់រហ័ស។ ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បាន​ដាក់ចេញ នូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម។ ដោយឡែកសហគ្រាសទាំងឡាយ ដែលពុំទាន់បានធ្វើបច្ចុ​ប្បន្នភាព ព័ត៌មាន​សហគ្រាស ត្រូវ​មកធ្វើបច្ចុប្បន្ន​ភាព ដើម្បី​ជាប្រយោជ​ន៍ ទទួលបាននូវសេវា ដូចបាន​រៀបរាប់​ខាង​លើ។

លោក កែន​ សម្បត្តិ បន្តថា ក្នុងនាមជាអ្នកគ្រប់​គ្រងប្រមូល​ពន្ធជូនរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ គឺ​ចង់ឃើញ​សហគ្រាស និងក្រុមហ៊ុនទាំងអស់ មានការ​រីក​ចម្រើនលូតលាស់ ធំធាត់ ហើយប្រកាស មានប្រាក់​ចំណេញ​បង់ពន្ធ​ជូនរដ្ឋ ដោយមិន​ចង់ឃើញ​សហ​គ្រាស​ប្រកាសខាតបង់ពន្ធខ្វះ មាន​បញ្ជីគណ​នេយ្យ២ ឬ៣​នោះទេ ដោយរំពឹងថា នឹងមិនមានការកិប​កេង​បន្លំពន្ធ ហើយ​រងការកំណត់ពន្ធ​ឡើងវិញ ទទួលរងពិន័យ ទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ៕