(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្វប្រជុំបូកសរុបការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ និងផ្សព្វផ្សាយការពន្យារឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្ត និងនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងជាប្រធានក្រុមទី៦ ចុះដកហូតរដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្នុងខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ស្នងការ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពនានា កងកម្លាំងអធិការនគរបាលក្រុង ស្រុក អភិបាលក្រុង ស្រុកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ មេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នាយឧត្តមសេនីយ៍ ឃុន សំបូរ បានឡើងធ្វើបទបង្ហាញតាមរយៈស្លាយ និងពន្យល់ពីប្រវត្តិសាស្រ្តជាយូរលង់មកហើយអំពី ជនបរទេសអន្តោប្រវេសន៍ ដោយបានបញ្ជាក់ និងយោងឯកសារ ភស្តុតាង ជំនាន់មុនៗ ដែលនៅសេសសល់ហើយសមត្ថកិច្ចបានដកហូតពីជនបរទេសកន្លងមក ក្រោយពីសមត្ថកិច្ចយើងបានចុះធ្វើជំរឿន ដើម្បីយកមកបង្ហាញជូនសមាជិក អង្គពិធីទាំងអស់បានយល់កាន់តែច្បាស់ជាមូលដ្ឋាន សម្រាប់យកទៅអនុវត្តការងារបន្តទៀតដល់សមត្ថកិច្ចយើងផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា កិច្ចប្រជុំបានពន្យារឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ជាជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃកំណត់ចុងក្រោយ។ បើជនបរទេសណា មិនចូលរួមសហការមកដាក់ពាក្យសុំទេ គឺត្រូវទទួលទោស ឬត្រូវបណ្តេញចេញពីប្រទេសកម្ពុជាចេញទៅប្រទេសដើមកំណើតវិញ។

លោក ងួន រតនៈ បានថ្លែងអំណរគុណ និងវាតម្លៃខ្ពស់ដល់ក្រុមការងារនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញនគរបាលស្នងការខេត្ត ដែលបានខិតខំធ្វើការងារចុះជំរឿន និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់មិនប្រក្រតីនៅខេត្តបាត់ដំបងកន្លងមក។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ឆ្លងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជំនាញបានបញ្ជាក់ថា មន្រ្តីជំនាញបានរកឃើញ និងដកហូតឯកសារកម្ពុជាមិនប្រក្រតីពីជនបរទេស មាន២ប្រភេទរួមមាន៖

*ទី១៖ ជនបរទេសរស់នៅយូរហើយ កាន់កាប់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីត្រូវបានដកហូត
*ទី២៖ ជនបរទេសរកឃើញថ្មី កាន់កាប់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីត្រូវបានដកហូតមាន៦៩០គ្រួសារ គិតមនុស្សរួម១,៧២៩នាក់ ស្រី៧៧៨នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធទាំង៥ចំណុចរួមមាន៖

*ទី១៖ សមត្ថកិច្ចពាក់ព័ន្ធមេត្តាដកហូតឲ្យអស់នូវឯកសារដែលជនបរទេសកាន់កាប់មិនប្រក្រតី
*ទី២៖ ស្នងការនគរបាលខេត្ត ដែលមានផែនអន្តោប្រវេសន៍ជាសេនាធិការជំរុញ ដល់គ្រប់ប៉ុស្តិ៍នគរបាលជួយផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១២៩អនក្រ និងសេចក្តីជូនដំណឹងលេខ១០១ស្តីពី ការពន្យារឱសានវាទ នៃកាដាក់ពាក្យស្នើសុំប្រកាស និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដែលជនបរទេសអន្តោប្រវេសន៍ទាំងអស់បានយល់
*ទី៣៖ ត្រូវសហការជាមួយផែនអត្តសញ្ញាណកម្មផ្តល់ទិន្នន័យ អត្តសញ្ញាណប័ណ្ណដែលបានដកហូតរួចជៀសវាងការផលិតថ្មី
*ទី៤៖ គ្រប់អាជ្ញាធរក្រុង ស្រុក ឃុំទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការផ្តល់លិខិតស្នាមផ្សេងៗដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជៀសវាងការផ្តល់សញ្ជាតិឲ្យជនបរទេសដោយមិនដឹងខ្លួន
*ទី៥៖ យកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេស រកឃើញការលួចរស់នៅ និងធ្វើការខុសច្បាប់ ត្រូវចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់៕