(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី ដោយមានការចុះហត្ថលេខាលើឯកសារចំនួន៥ រួមទាំងធ្វើសន្និសីទកាសែតរួមផងនោះ នៅវេលម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព។

លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងទស្សនកិច្ចនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោកបានចូលគាល់ព្រះមហាក្សត្រ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ រួមទាំងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ៕