(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំ សេចក្តីព្រាងក្របខ័ណ្ឌគោល នយោបាយ សេដ្ឋកិច្ចឌីជីថលកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ច ឌីជីថលកម្ពុជា» បន្ទាប់ពីបានដំណើរការរយៈពេល០២ថ្ងៃរួចមក។

សិក្ខាសាលានេះ សហការរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធនាគារពិភពលោក ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងមកពីបណ្តា ប្រទេសក្នុងតំបន់, ដៃគូអភិឌ្ឍ, តំណាងស្ថានទូត, អង្គការសង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសក្រុមហ៊ុនអន្តរជាតិធំៗ ក្នុងវិស័យបច្ចេកវិទ្យា ដែលរួមមាន៖ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Alibaba និង Alipay, ក្រុមហ៊ុន Facebook ក្រុមហ៊ុន UnionPay International, ក្រុមហ៊ុន VISA International, ក្រុមហ៊ុន Huawei International, ក្រុមហ៊ុន Grab ក៏ដូចជាធុរកិច្ចថ្មីៗ (Startup) និងក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានវត្តមានលើទីផ្សារកម្ពុជា។

លោក វង្សី វិស្សុត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួងស្ថាប័ន, វាគ្មិន, អ្នកជំនាញការ, និងអ្នកសិក្សាស្រាវជ្រាវទាំងអស់ បានចូលរួមធ្វើការផ្លាស់ប្តូរទស្សនៈ, មតិយោបល់, ចែករំលែកបទពិសោធន៍ និងចំណេះដឹង ជាពិសេសធាតុចូលដ៏ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធសេដ្ឋកិច្ចឌីជីថល សម្រាប់ប្រើប្រាស់ក្នុងការរៀបចំក្របខ័ណ្ឌគោល នយោបាយអភិវឌ្ឍន៏ឌីជីថលមួយ ដែលមានលក្ខណៈជាក់ស្តែងនិយម, អាចអនុវត្តបាន និងសម្រេចបានជោគជ័យ ក្នុងគោលដៅធានាឱ្យបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកបានបន្តថា នៅក្នុងបរិបទសកលភាវូបនីយកម្ម, កម្ពុជាពិតជាមិនអាចចៀសផុតពីការទទួលរងនូវផលប៉ះពាល់, ទាំងវិជ្ជមាន និង អវិជ្ជមានរបស់បដិវត្តន៍ឧស្សាហកម្មទី៤ បានឡើយ។ ដូចនេះ កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានល្អ និងផ្តល់ការឆ្លើយតបឱ្យបានទាន់ពេល ដើម្បីចាប់យកឱកាសពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក្នុងក្របខណ្ឌបដិវត្តឧស្សាទីកម្មទី៤ ជាពិសេសនៅក្នុងផ្នែកឌីជីថល។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវយកចិត្តទុកដាក់ផងដែរ អំពីផលវិបាក និងបច្ច័យនៃបច្ចេកវិទ្យាមកលើសង្គមជាតិ ពិសេសផលអវិជ្ជមានមកលើសង្គម ដូចជាគម្លាតជំនាញ និងគម្លាតចំណូលជាដើម។ លើសពីនេះ ក៏ត្រូវមានការគិតគូរផងដែរដល់ការផ្លាស់ប្តូរខាងទស្សនៈ និងឥរិយាបទរបស់មនុស្សនៅក្នុងសង្គមថែមទៀត។

លោកបានគូសបញ្ជាក់ថា កម្ពុជាអាចនឹងត្រូវប្រើរយៈពេលវែង ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច កសាង និងប្រែក្លាយសង្គមកម្ពុជាឱ្យក្លាយជាសង្គមឌីជីថលមួយ ដែលមានការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់បម្រើមនុស្ស និងការរស់នៅរបស់ប្រជាជន។ ពិតណាស់កិច្ចការនេះ ត្រូវការពេលវេលាយូរ តែយើងមិនអាចអូសបន្លាយបានទេ ដោយត្រូវតែធ្វើកិច្ចការនេះចាប់ពីពេលនេះតទៅ ដោយពិតប្រាកដ និងមុះមុតម៉តចត់។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ការរៀបចំអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងៗចំនួន ០៤ ដល់សង្គមជាតិរបស់យើង ដែលរួមមាន៖

*ទី១៖ ការបង្កើនប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ និងក្នុងសកម្មភាពធុរកិច្ច, *ទី២៖ ការតភ្ជាប់ប្រជាជនកម្ពុជាទៅនឹងចរន្តនៃសកលភាវូបនីយកម្ម ទីផ្សារ និងបច្ចេកវិទ្យាពិភពលោក ដ៏ដូចជា ដើម្បីទទួលបាននូវព័ត៌មាន, ចំណេះដឹង, ទស្សនៈ និងររៀបនៃការរស់នៅថ្មី។ ក្រៅពីនេះ យើងក៏អាចតភ្ជាប់សហគ្រាសកម្ពុជាទៅនឹងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ ហើយសេដ្ឋកិច្ចដែលមានឌីជីថលជាថ្នាល នឹងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត រួមទាំងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ផងដែរ។
*ទី៣៖ បដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសក្នុងវិស័យឌីជីថល ដែលផ្អែកលើអ៊ីនធឺណែត នឹងធ្វើឱ្យមានពិពិធកម្មកាន់តែខ្លាំងក្លាឡើងក្នុង វិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម ពីវិស័យមួយទៅវិស័យមួយទៀត និងនៅក្នុងរង្វង់នៃវិស័យនោះផ្ទាល់ផង។
*ទី៤៖ វិស័យឌីជីថលនឹងក្លាយទៅចន្ទុល ឬជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី ហើយនឹងដើរតួនាទីដ៏សំខាន់ និងក្លាយជាចំណែកមួយនៅក្នុងសេដ្ឋកិច្ចជាតិ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ការរៀចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា នឹងត្រូវចំណាយវេលាប្រមាណ ១៨ខែ។ ក្របខ័ណ្ឌគោលនយោបាយនេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេលវែង ដោយចែកចេញជាច្រើនដំណាក់កាល ក្នុងរយៈពេល ៥ឆ្នាំម្តង ដោយមានភ្ជាប់នូវយុទ្ធសាស្រ្ត, ផែនការសកម្មភាព និងផែនការវិនិយោគច្បាស់លាស់ ទាំងក្នុងផ្នែករឹង និងផ្នែកទន់ ជាពិសេសផ្នែកច្បាប់ និងនិយ័តកម្ម ស្ថាប័ន ដើម្បីធានាបានការប្រើប្រាស់ដោយងាយស្រួល, មានតម្លៃសមរម្យ និងមានទុកចិត្តបាន។ នៅក្នុងរយៈពេលខ្លី និងវែងខាងមុខនេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការអប់រំខាងផ្នែកបច្ចេកវិទ្យា ដើម្បីផលិតធនធានមនុស្សឌីជីថល (Digital people) ឱ្យបានច្រើននៅក្នុងសង្គមជាតិរបស់យើង។ ក្រៅពីការបង្កើតប្រព័ន្ធអេកូឡូស៊ី, រាជរដ្ឋាភិបាលក៏នឹងផ្តល់នូវការលើកទឹកចិត្តបន្ថែមចំពោះធុរកិច្ចថ្មី (Start Up) ដែលមានសក្តានុពល សម្រាប់ក្លាយជាអ្នកដឹកនាំក្នុងវិស័យឯកជន។ រាជរដ្ឋាភិបាលនឹងបន្តជំរុញការប្រើប្រាស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងវិស័យហិរញ្ញវត្ថុឱ្យបានច្រើន ទាំងក្នុងវិស័យធនាគារ និងទាំងក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីបន្តលើកកម្ពស់បរិយាប័ន្នក្នុងវិស័យហិរញ្ញវត្ថុ និងបន្តកាត់បន្ថយអត្រាការប្រាក់ និងចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ព្រមទាំងពង្រឹងការទុកចិត្តលើការប្រើប្រាស់ប្រព័ន្ធ FinTech។

លោកបន្តថា ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូវនិច (E-Commerce) ដែលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ, ចាំបាច់ត្រូវជំរុញឱ្យបានខ្លាំងក្លា ដោយប្រើប្រាស់ ថ្នាល់ឌីជីថល (Digital platform) និងការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងការរៀបចំច្បាប់សម្រាប់គ្រប់គ្រងពាណិជ្ជកម្មតាមអេឡិចត្រូនិច។ លើសពីនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យបានរដ្ឋបាលឌីជីថល (Digital Government) ដែលមានតួនាទីបង្កើតក្របខ័ណ្ឌ និងយន្តការ សម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថលផង និងដើម្បីធ្វីឌីជីថលភាវូបនីយកម្មខ្លួនឯងផង។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំផែនទីចង្អុលផ្លូវមួយ ដើម្បីទិសដៅដែលយើងត្រូវធ្វើ ហើយនឹងរៀនសូត្រពីបទពិសោធន៍និងឧត្តមានុវត្តនៅប្រទេសដទៃបន្ថែមទៀត ដើម្បីរៀបចំក្របខ័ណ្ឌគោលយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលមួយ ដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងបរិការរបស់កម្ពុជា ហើយរៀបចំក្របខណ្ឌស្ថាប័ន សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាព៕