(កំពង់ចាម)៖ គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុកនៃខេត្តកំពង់ចាម បានទទួលវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដែលធ្វើបទបង្ហាញដោយគ្រូជំនាញពីក្រសួងមហាផ្ទៃ ដែលវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ និងមានសិក្ខាកាមចូលរួមជិត១០០នាក់ បានប្រារព្ធបើកនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។

លោក គួច ចំរើន បានថ្លែងថា នេះជាលើកដំបូងហើយសម្រាប់ខេត្តកំពង់ចាម ដែលគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម បានពង្រីកខេត្តគោលដៅអនុវត្ត ការងារគណនេយ្យភាពសង្គម សំដៅចូលរួមចំណែក ដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិតេយ្យនៅថ្នាក់មូលដ្ឋាន និងបានផ្តោតទៅលើការពង្រឹងភាពជាដៃគូរវាង រដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ ជាមួយប្រជាពលរដ្ឋ។

លោកបន្តថា ការលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ជាគន្លឹះសំខាន់ សំដៅឲ្យការអនុវត្តកិច្ចដំណើរការកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីសម្រេចបាននូវកិច្ចការទាំងនេះ តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៉ីវិលដោយផ្ទាល់ និងប្រយោល ដើម្បីធានាឲ្យបានគណនេយ្យភាពសង្គមយ៉ាងពិតប្រាកដ។

លោកអភិបាលខេត្ត បន្តទៀតថា ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការអនុវត្តគណនេយ្យភាពសង្គម សំដៅផ្តល់នូវសិទ្ធិអំណាច ជូនប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការបំពេញការងាររបស់រដ្ឋបាលនីមួយៗ។

បើតាមលោក គួច ចំរើន នេះគឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលផ្តល់សេវា ហើយក៏ជាមធ្យោបាយមួយដែលបន្ស៉ីគ្នា រវាងគោលការណ៍ទាំងឡាយ នៃអភិបាលកិច្ចល្អ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានា ដែលត្រូវប្រកាន់យកតាមកិច្ចដំណើរការនេះ។ ជាទូទៅកិច្ចដំណើរការនេះ រួមមាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញ ការងាររបស់ក្រុមប្រឹក្សាមន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានា ដែលជាអ្នកអនុវត្តសេចក្តីសម្រេចទាំងឡាយ ពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋាន។

លោក ងី ច័ន្ទ្រផល បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដល់ឱកាសឲ្យមានការយល់ដឹង និងយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោក ងី ច័ន្ទ្រផល គូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនេះ អនុម័តដំបូងនៅឆ្នាំ២០១៣ ដើម្បីអនុវត្តសាកល្បង ៣ឆ្នាំ គឺឆ្នាំ២០១៦-២០១៨ ហើយគោលបំណងដ៏សំខាន់ នៃគណនេយ្យភាពសង្គមនេះ ដើម្បីពង្រឹងសិទ្ធិប្រជាពលរដ្ឋ និងសហគមនថ្នាក់មូលដ្ឋាន ក្នុងការចូលរួម និងការចាត់ចែង ការប្រើប្រាស់ធនធាន និងការផ្ដល់សេវាសាធារណៈថ្នាក់ក្រោមជាតិ ដែលផ្ដោតជាសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ឲ្យទទួលបានព័ត៌មាន និងពិភាក្សាជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យដំណើរការ អភិវឌ្ឍនរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។ ដូច្នេះហើយទើបកិច្ចការនេះ ត្រូវការចូលរួមពីសង្គមស៉ីវិល អ្នកសម្របសម្រួលថ្នាក់ជាតិក៏ដូចជា ថ្នាក់ស្រុក-ខណ្ឌ និងថ្នាក់ឃុំ-សង្កាត់ ដើម្បីធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋលើកកម្ពស់ការចេះដឹង នឹងធ្វើការពិភាក្សាអំពីបញ្ហាប្រឈមរបស់ពួកគាត់ផងដែរ ដើម្បីរកដំណោះស្រាយ៕