(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធ ចំនួន៥នាក់ (ស្រីម្នាក់) និងវត្ថុតាងពាក់ព័ន្ធនានា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី។

មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា ការបញ្ជូនក្រុមជនសង្ស័យទាំង៥នាក់ ទៅតុលាការដើម្បីអនុវត្តនីតិវិធីនេះ បានធ្វើឡើង ក្រោយពីពួកគេ បានប្លន់យកលុយ និងសម្ភារមួយចំនួន ពីក្នុងផ្ទះបើកណេតលេខ០៨សេ ផ្លូវ២៧០ ក្នុងភូមិ០៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានជនរងគ្រោះឈ្មោះ អេង ច័ន្ទឌី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ហើយរត់គេចខ្លួនបាត់ ស្រមោល កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

មន្ត្រីដដែលនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមចោរប្លន់បានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល និងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជុំនាញរបស់ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា បានបើកការស៉ើបអង្កេតភ្លាមៗ ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការណ៍យ៉ាងស្អិតរមួតជាមួយអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ខណ្ឌទួលគោក នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដើម្បីស្រាវជ្រាវនេះ ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ បើរាប់គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យជុំនាញ បានធ្វើការកំណត់អំពីភិនភាគ នៃអត្តសញ្ញាណរបស់ក្រុមជនសង្ស័យ ហើយឈានដល់ការបង្ក្រាបឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ចំនួន៥នាក់ (ស្រីម្នាក់) ស្ថិតនៅខាងមុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅខាងមុខមន្ទីរពេទ្យរ៉ូស្សី ក្នុងភូមិចំរើនផល សង្កាត់បឹងទំប៉ុន១ ខណ្ឌមានជ័យ និងនៅក្បែរកន្លែងបន្សាបគ្រឿងញៀន BTA ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងចុងក្រោយនៅឯខេត្តកំពត។

ជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះរួមមាន៖ ឈ្មោះ លន់ ស៊ីវថេង, ផេង យុទ្ធនា, កញ្ញា ហៀង ស្រីដែត, ស៊ន់ សេរីវិចិត្រ និង គង់ សុវណ្ណ។ ចំណែកវត្ថុតាង ដែលកម្លាំងសមត្ថកិច្ចដកហូតបាន នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធនេះ មានដូចជា អាវុធខ្លី ០១ដើម ម៉ាកកា៥៩ បង់ចំនួន០១ គ្រាប់ចំនួន០៧ ជាមួយទូរស័ព្ទដៃ០២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត រួមនិងម៉ូតូ២គ្រឿងផងដែរ ក្នុងនោះមានម៉ាកហុងដាប៊ិត សេរីឆ្នាំ២០១៨ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-6847 និងមួយគ្រឿងទៀតម៉ាក Zoomer X ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AA-2166 ជារបស់ជនរងគ្រោះ ដែលក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់បាន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមីនាកន្លងទៅ ស្ថិតនៅចំណុចខាងមុខសាលារៀនចំរលនផល ភូមិចំរើនផល សង្កាត់បឹងទំប៉ុន១ ខណ្ឌមានជ័យ។

យ៉ាងណាក៍ដោយ ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៥នាក់ និងវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធី នាព្រឹកនេះហើយ ក្រោយឃុំខ្លួនសាកសួរជាច្រើនម៉ោង៕