(ក្រចេះ)៖ អាជ្ញាធរស្រុកឆ្លូង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកងកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានចុះរុះរើ និងរៀបចំសណ្ដាប់ធ្លាប់ កែលម្អសោភ័ណភាព អនាម័យឲ្យមានរបៀបរៀបរយ នៅបរិវេនផ្សារឆ្លូង និងតាមដងផ្លូវនានាក្នុងស្រុកឆ្លូង។

លោក ធីម ស៊ាងឡេង បានឲ្យដឹងថា មុននឹងចុះអនុវត្តរុះរើការដាក់តាំងលក់របស់បងប្អូនអាជីវករមួយចំនួននោះ រដ្ឋបាលស្រុកឆ្លូង បានជូនដំណឹងដល់បងប្អូនអាជីវករ និងសាធារណជនទាំងអស់ចំនួន២លើករួចមកហើយ ដើម្បីឲ្យបងប្អូនចូលរួមអនុវត្តក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវ និងបរិវេនផ្សារឆ្លូង។

លើកនេះជាការជូនដំណឹងចុងក្រោយ ដែលគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព និងអនាម័យស្រុកឆ្លូង និងរៀបចំរៀបរយ នៅបរិវេនផ្សារ និងតាមផ្លូវជាតិលេខ៧៣ (ផ្លូវកៅស៊ូ) ចាប់ពីចំណុចស្ពានព្រែកឆ្លូង រហូតដលុផ្លូវបំបែកអតីតរោងចក្រក្រដាស ដើម្បីរក្សាសណ្ដាប់ធ្នប់ និងសោភ័ណភាព ជាពិសេសបង្កាកុំឲ្យមានការកកស្ទះចរាចរណ៍ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលរងស្រុកបន្តទៀតថា អាជ្ញាធរបានដាក់ចេញនូវវិធានការដូចខាងក្រោម ដើម្បីឲ្យបងប្អូនអាជីវករ និងសាធារណះជនចូលរួមអនុវត្ត៖
*ទី១៖ មិនអនុញ្ញាតឲ្យមានតាំងលក់ និងដាក់សម្ភារផ្សេងៗ ចាប់តាំងពីចំណុចស្ពានព្រែកឆ្លូង ដល់ផ្លូវបំបែកក្រោយអតីតរោងចក្រក្រដាស នៅលើចំណីផ្លូវ ដែលមានចែងក្នុងច្បាប់
*ទី២៖ ចំណុចផ្លូវស៊ងភ្ជាប់ពីផ្លូវជាតិលេខ៧៣ ទល់និងផ្លូវក្រាលគ្រួសក្រហម ផ្នែកខាងកើតជាប់របងសាលាបឋមសិក្សាឆ្លូង និងចំផ្លូវស៊ងទាំងពីរ ផ្នែកខាងលិច និងខាងកើតផ្សារឆ្លូង អនុញ្ញាតឲ្យដាក់ក្រែលក់ដូរតូចៗ ប៉ុន្តែត្រូវទុក្ខចន្លោះ គន្លងផ្លូវដែលអាចយានជំនិះធ្វើចរាចរណ៍បាន។

លោកសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ថា ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណភាព សូមបងប្អូនដែលតាំងលក់ និងដាក់លក់សម្ភារផ្សេងៗ ប៉ះពាល់ដល់ចំណី ផ្លូវសាធារណៈត្រូវរុះរើចេញដោយស្ម័ត្រចិត្ត។ បើមិនរុះរើតាមការណែនាំរបស់អាជ្ញាធរទេនោះ គណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព និងអនាម័យ និងចុះរុះរើជាក់ស្ដែង ដោយពុំទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បិត្តរបស់បងប្អូនឡើយ៕