(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា អគ្គិសនីកម្ពុជា បានចុះហត្ថលេខាជាមួយអគ្គិសនីឡាវ ទិញអគ្គិសនី២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។

លោកអគ្គនាយកបញ្ជាក់ថា វិធានការទិញអគ្គិសនីពីប្រទេសឡាវនេះ សម្រាប់ជាពិសេស ក្នុងពេលកម្ពុជារង់ចាំការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុនៅឆ្នាំ២០២៤ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងាររាជរដ្ឋាភិបាលកំពុងចរចា គម្រោងវារីអគ្គិសនី និងគម្រោងខ្សែបញ្ជូនថ្មីបន្ថែមទៀត ខណៈដែលអគ្គិសនីកម្ពុជាផ្ទាល់ បានចរចាបង្កើនការបំពេញបន្ថែមពីប្រទេសថៃ និងវៀតណាម។

ជាមួយគ្នានេះ ក្នុងរដូវប្រាំងនេះដែលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនោះ លោកអគ្គនាយកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ និងសូមការយោគយល់ចំពោះការរអាក់រអួលនៃការផ្គត់ផ្គង់អគ្គិសនីផងដែរ៕