(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែទម្លាក់កំហុសឱ្យសម្តេច នៅពេលដែលមានបញ្ហាកើតឡើង ប៉ុន្តែនៅពេលដែលប្រទេសរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចពួកគេមិនដែលទទួលយកនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងពិធីនោះ សម្តេចបានលើកឡើងអំពីការប្រែប្រួលរបស់កម្ពុជាពីប្រទេសក្រខ្សត់ មកជាប្រទេសដែលកំពុងមានអភិវឌ្ឍ។ បើគិតពីមហាសេដ្ឋីវិញ បច្ចុប្បន្ននេះ មហាសេដ្ឋីពាន់លាន សេដ្ឋីប្រាក់លាន ក៏មានច្រើនដែរ ហើយបើនិយាយអំពីអ្នកមានទ្រព្យសម្បត្តិខ្ទង់លានវិញមិនតិចនោះទេ ដោយគ្រាន់តែផ្ទះ១កន្លែងនៅទីក្រុងភ្នំពេញនោះ ក៏មានតម្លៃដល់ ១លានដុល្លារដែរ។

ពេលលើកឡើងដល់ចំណុចនេះ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាហ្នឹង ប្រហែលជាកំហុសខ្ញុំទេ ស្អីក៏គេទម្លាក់មកឱ្យខ្ញុំដែរ ពេលណាដែលរឿងល្អ វាមិនដែលឱ្យខ្ញុំទេ ណែ ! វារកស៊ីបាន វាជិះឡាន ដែលពីដើមវារកតែស្បែកជើងពាក់មិនបានផង ឥឡូវវាជិះឡាន ហើយ Live វីដេអូនៅលើ Facebook ទៀត រួចហើយនិយាយថា កាន់តែក្រទៅៗ។ រឿងអ្វីៗវាទម្លាក់មកឱ្យឯង តែរឿងធ្វើមានធ្វើបាន វាអត់ទម្លាក់មកឱ្យឯងសោះ ពួកនេះខូចពេក»

ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា ទោះជាស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលទៅជាប្រទេសកំពុងអភិវឌ្ឍ តែបញ្ហាប្រឈមរបស់កម្ពុជា ក៏នៅតែមាននៅឡើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ៕