(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា​ សម្តេចនឹងជជែកពិភាក្សាជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ិន ដើម្បីស្នើឱ្យកូរ៉េខាងត្បូង ជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត។

ការមានប្រសាន៍លើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ល្ងាចនេះខ្ញុំនឹងបាយជាមួយប្រធានាធិបតី សាធារណរដ្ឋកូរ៉េ ក្នុងលក្ខណៈជាគ្រួសារទេ ហើយស្អែកទើបបានចរចាផ្លូវការ និងធ្វើវេទិកាធុរកិច្ចរួមគ្នា ក៏ប៉ុន្តែដើម្បីគាត់មកដល់ គឺតួអង្គព្រះមហាក្សត្រទេ ដែលត្រូវលផ្តល់ភោជនីយអាហារផ្លូវការសម្រាប់ប្រធានាធិបតី [...] ក៏ប៉ុន្តែល្ងាចនេះខ្ញុំនឹងជួបជាមួយគាត់ បាយជាមួយគ្នា តែពីរនាក់ប្តីប្រពន្ធ ពីរនាក់ប្តីប្រពន្ធទេ យើងនឹងខិតខំបើកទីផ្សារ ហើយស្អែកគម្រោងនៃការលើករបស់ខ្ញុំស្នើឱ្យកូរ៉េជួយទិញផលិតផល របស់កម្ពុជាបន្ថែមទៀត»

ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏មានប្រសាសន៍បន្តផងដែរថា ទីផ្សារផលិតផលរបស់កម្ពុជាពិតជាមិនអាចទៅចំណុះលើទីផ្សារ ណាមួយដោយអ្នកទាំងនោះមកខ្ទប់ច្រមុះយើងឱ្យស្លាប់នោះទេ ហើយនៅក្នុងឆ្នាំនេះ សម្តេចនឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុបមួយចំនួនទៀត ដើម្បីទាញយកផលិតផលរបស់យើងទៅកាន់ទីផ្សារនៅក្នុងប្រទេសទាំងនោះផងដែរ ហើយកម្ពុជានឹងតម្រង់ផលិតផលរបស់ខ្លួនបន្ថែមទៀត ទៅកាន់តំបន់មជ្ឃឹមបូព៌ាបន្ថែមទៀត ព្រមទាំងបើកទីផ្សារឱ្យកាន់តែធំផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានប្រសាសន៍រំលឹកឡើងដែរថា ប្រទេសកម្ពុជា កាលពីអតីតកាលអ្វីៗទិញពីបរទេសដែរ។ ដូច្នេះ ចំណោទវិបត្តិដោះស្រាយបញ្ហាវាមិនដូចគ្នាទេ ហើយដំណាក់កាលមុនស្អីក៏នាំចូលដែរ ប៉ុន្តែនៅដំណាក់កាលដឹកនាំរបស់សម្តេចកម្ពុជា បានសម្រេច និងបង្កើតផលិតផលរបស់ខ្លួនជាច្រើន ដើម្បីផ្គត់ផ្គងទីផ្សារនៅក្នុងស្រុក ព្រមទាំងមានលទ្ធភាពនាំយកទៅលក់នៅលើទផ្សារ អន្តរជាតិនានាផងដែរ។ ទាំងនេះជាការវិវត្តន៍វាបានដើរមកដល់ដំណាក់កាលនេះ ហើយទាំងនេះជាចំណុចមួយដើម្បីធ្វើការទាក់ទាញចំណាប់អារម្មណ៍ដល់យើងទាំងអស់គ្នា ដើម្បីប្រើប្រាស់ការខិតខំរួមគ្នាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាក់លាក់ និងគ្មានហានិភ័យដែលពាក់ព័ន្ធនឹងកត្តាខាងក្រៅ ឬវិបត្តិខាងក្រៅនោះដែរ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនអាចរស់ដោយការតម្រូវរបស់ប្រទេសណាមួយនោះទេ ហើយកម្ពុជាមានមោទនភាព ចំពោះវឌ្ឍនភាពរបស់ខ្លួន ក៏ប៉ុន្តែកម្ពុជាតែក៏ត្រូវបន្តរួមគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕