(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ គោរពនីតិវិធីជាចាំបាច់ ក្នុងការដាក់បន្ថែមបណ្ដាញ ខ្សែផ្លូវរបស់ប្រទេសនីមួយៗ ដោយផ្ដោតសំខាន់លើសុវត្ថិភាពចរាចរណ៍ជាចំបងបំផុត។

លោកបានស្នើរយ៉ាងដូចនេះនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំប្រទេសថៃ រួមទាំងមានការចូលរួម ពីគណៈប្រតិភូមកពីប្រទេសក្នុងតំបន់ មហាអនុតំបន់មេគង្គ រួមមាន ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារADB អង្គការ DFAT និងអង្គការ GIZ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា លទ្ធផលជាផ្លែផ្កាដែលសម្រេចបានទាំងនេះ នឹងបង្ហាញសហគមន៍អន្តរជាតិថា ប្រទេសក្នុងមហាអនុតំបន់មេគង្គបានព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់ក្នុងបើក ច្រកព្រំដែនបន្ថែមទៀត និងដាក់បន្ថែមខ្សែផ្លូវមួយចំនួនទៀត ដើម្បីតភ្ជាប់ប្រទេសក្នុងមហាអនុតំបន់មេគង្គ ព្រមទាំងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងសាធារណការ បានបន្តថា ការបើកច្រកឆ្លងកាត់ព្រំដែន និងការដាក់បន្ថែមចំនួនខ្សែផ្លូវ ឆ្លងកាត់របស់បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ គឺជាកត្តាសត្យានុម័តក្នុងការពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសនីមួយៗ ព្រោះថា វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ដែលជំរុញឲ្យមានលំហូរទេសចរកាន់តែច្រើនឡើង លើកកម្ពស់ការធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ប្រកបដោយចីរភាព។

ទោះជាយ៉ាងនេះក្ដីលោក ស៊ុន ចាន់ថុល បានបន្ថែមថា ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងឲ្យស្របតាមការ រីកចម្រើនរបស់ប្រទេសនីមួយៗ និងពិភពលោក ក៏ដូចជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នឹងជួយសម្រួលដល់នីតិវិធីគយ និងនីតិវិធីដឹកជញ្ជូន ព្រមទាំងបង្កើតឱកាសបន្ថែមទៀតក្នុងការរកឱ្យឃើញនូវវិធីថ្មីៗ ដើម្បីឱ្យការដឹកជញ្ជូនទទួលបានជោគជ័យខ្ពស់ ហើយលោកក៏បានសំណូមពរ ឲ្យប្រទេស ក្នុងមហាអនុតំបន់ទន្លេមេគង្គ គោរពនីតិវិធីចាំបាច់នានា ក្នុងការដាក់បន្ថែមបណ្ដាញខ្សែផ្លូវរបស់ប្រទេសនីមួយៗ និងផ្ដោសំខាន់លើសុវត្ថិ ភាពចរាចរណ៍ជាចំបងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គនេះ ក៏មានការចុះហត្ថលេខាទ្វេភាគីរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ស្តីពីការអនុវត្តន៍បឋមលើកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងដែរ៕