(ភ្នំពេញ)៖ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោក ឡង់ ឌីម៉ង់ បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាទីតាំងភូមិសាស្ត្រមួយដែលរដ្ឋាភិបាលក្រុងសេអ៊ូល បច្ចុប្បន្នក្រោមការដឹកនាំរបស់ប្រធានាធិបតី មូន ចេអ៊ីន មើលរំលងមិនបាននោះឡើយ ក៏ព្រោះតែទឹកដីកម្ពុជា ក៏ស្ថិតក្នុងគោលដៅដ៏សំខាន់មួយ នៃគោលនយោបាយបើកចំហរមកទិសខាងត្បូងរ (New Southern Policy) របស់ខ្លួន។

តាមរយៈគោលនយោបាយបើកចំហរមកកាន់ទិសខាងត្បូងនេះ បានតម្រង់ទិសឲ្យប្រធានាធិបតីកូរ៉េខាងត្បូង ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលមួយសប្តាហ៍មកកាន់ប្រទេសចំនួន៣ ដែលជាសមាជិកអាស៊ាន ដោយលោកបានជាន់ទឹកដីព្រុយណេមុនគេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា មុនឆ្ពោះទៅជាន់ទឹកដីម៉ាឡេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ហើយគោលដៅចុងក្រោយ គឺប្រទេសកម្ពុជាតែម្តងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

លោក ឡុង ឌីម៉ង់ បានថ្លែងយ៉ាងដូច្នេះថា៖ «ពិតណាស់កម្ពុជា គឺជាកន្លែងដ៏សំខាន់មួយរបស់សាធារណរដ្ឋកូរ៉េ ព្រោះកម្ពុជា បូកជាមួយអាស៊ាន គឺជាគោលនយោបាយបើកចំហរមកទិសខាងត្បូង របស់រដ្ឋាភិបាលលោក មូន ចេអ៊ីននេះឯង អញ្ចឹងទេទីតាំងជាយុទ្ធសាស្ត្រ នៅក្នុងអាស៊ាននេះ ជាពិសេសកម្ពុជាយើងនេះ គឺថាកូរ៉េ មិនអាចមើលរំលងទេ»

នៅក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកអគ្គរាជទូតវ័យក្មេងរូបនេះ បានបញ្ជាក់ថា «កម្ពុជា និងកូរ៉េខាងត្បូង គឺជាដៃគូរនឹងគ្នាមិនអាច ខ្វះបាន ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងតែរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន នៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩»។

បើតាមលោក ឡង់ ឌីម៉ង់ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ សម្តេចតេជោ ហ៊ុន​ សែន និងលោក មូន ចេអ៊ីន នឹងរួមគ្នាបង្កើតវេទិកាធុរកិច្ចមួយ ដែលជាវេទិកាមួយអនុញ្ញាតឲ្យអ្នកវិនិយោគិនទាំងកម្ពុជា និងកូរ៉េ បានចូលរួមជុំគ្នា ដើម្បីនូវសន្ទរកថាគន្លឹះ របស់ថ្នាក់ដឹកនាំទាំងពីរ ពាក់ព័ន្ធព័ន្ធនឹងការធ្វើវិនិយោគ និងការដោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតផងដែរ។

សូមជម្រាបថា ពាក់ព័ន្ធនឹងចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង បានចំនួន៦លើក គឺនៅឆ្នាំ១៩៩៦ ឆ្នាំ២០០១ ឆ្នាំ២០០៦ ឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយប្រធានាធិបតីរបស់កូរ៉េខាងត្បូង ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា បានចំនួន៤លើកផងដែរ ក្នុងនោះរួមមាន៣រូប៖ (លោក ប្រធានាធិបតី រ៉ូ មូយុន បានធ្វើទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦, លោកធានាធិបតី លី ម្យុងបាក់ បានអញ្ជើញមកធ្វើទស្សនកិច្ចចំនួន២លើក (ទស្សនកិច្ចផ្លូវរដ្ឋ នៅខែតុលា ឆ្នាំ២០០៩ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនៅខែ វិច្ឆិកា ឆ្នាំ២០១២) និងលោកប្រធានរដ្ឋសភា ជុង អ៊ុយវ៉ា ធ្វើទស្សនកិច្ចផ្លូវការនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥)៕