(ភ្នំពេញ)៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល របស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគចុងក្រោយបំផុតរបស់ខ្លួន ក្នុងក្រុមហ៊ុន Okra Solar ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីថាមពល solar ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Sousdey Cambodia ដែលជាកម្មវិធីទីផ្សារបែបឌីជីថល និងដំណោះស្រាយសហគ្រាស សម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។

តាមរយៈការចូលរួមជាមួយនឹងក្រុមហ៊ុន Morakot Technology, Joonaak Delivery, Nham24 និង Agribuddy ក្រុមវិនិយោគគិននៃអាជីវកម្មឌីជីថលក្នុងស្រុករបស់មូលនិធិ SADIF បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់៦ក្រុមហ៊ុន។

លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា «ការវិនិយោគរបស់យើងទៅក្នុងក្រុមហ៊ុន Okra បញ្ជាក់ពីសារៈសំខាន់នៃរបកគំហើញថ្មី ដើម្បីដោះស្រាយ បញ្ហាទាក់ទងទៅនឹងប្រជាពលរដ្ឋ ដែលខ្វះខាតការផ្គត់ផ្គង់បំផុត ខណៈដែលពួកគេបន្តការចូលរួម ផ្តល់នូវកំនើនសេដ្ឋកិច្ច និងបង្កើតឥទ្ធិពលក្នុងមាត្រដ្ឋានសកល។ ក្រុមហ៊ុន Sousdey Cambodia ផ្តោតលើល្បឿន ក៏ដូចជាទំហំនៃកម្មវិធីដែលមានមូលដ្ឋានលើ AI ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការចូលរួមរបស់អតិថិជន»។

ក្រុមហ៊ុន OKRA SOLAR ថាមពលឆ្លាតវៃសម្រាប់ទាំងអស់គ្នា ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្រុមហ៊ុន Okra ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបែប «Internet of Things (IoT)» ដោយជួយសហគមន៍ជនបទដាច់ស្រយាល ក្នុងការទទួលបានបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ ដែលមានតម្លៃសមរម្យដោយប្រើបច្ចេកវិទ្យាថាមពលចែកចាយទំនើប។ កម្មវិធី software របស់ក្រុមហ៊ុននេះ អាចយកបន្ទះ solar និងអាគុយ ដើម្បីដំឡើងទៅជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច (Microgrids) ឆ្លាតវៃ សម្រាប់ការផ្គត់ផ្គង់អគ្គិសនី ដល់គ្រួសារដាច់ស្រយាល ក្នុងការប្រើប្រាស់។

ខណៈដែលអតិថិជន បង់ថ្លៃសេវាការជាវ អ្នកចែកចាយថាមពលអាចត្រួតគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធពីចម្ងាយ ក៏ដូចជាទទួលបានការជូនដំណឹង តាមពេលវេលាជាក់ស្តែង លើបណ្តាញ និងឥរិយាបថអតិថិជន។ ក្រុមហ៊ុន Okra បានផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋជា៥០០នាក់ និងគ្រួសារជាង១០០គ្រួសារ ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនបានផ្ដើមកម្មវិធីសាកល្បងរបស់ខ្លួននៅកម្ពុជា ហើយបានចុះអនុស្សនៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនចែកចាយអគ្គិសនីជាតិ និងអន្តរជាតិជាច្រើន។ នាពេលថ្មីនេះៗ ក្រុមហ៊ុនបានចុះកិច្ចសន្យា ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ច្ចេកវិទ្យា លើមូលនិធិវិនិយោគហេដ្ឋារចនសម្ព័ន្ធ ដែលមានគោលបំណង់ផ្គត់ផ្គង់អគ្គិសនី សម្រាប់ប្រជាពលរដ្ឋ ៤ម៉ឺននាក់ ក្នុងប្រទេសហ្វីលីពីន ស្របពេលគ្រួសារប្រហែល២លាន៤សែននាក់ រស់នៅដោយគ្មានថាមពលអគ្គិសនីនៅឡើយ។

លោក Afnan Hannan សហស្ថាបនិកក្រុមហ៊ុន Okra បានថ្លែងថា «យើងមានការរំភើបខ្លាំងណាស់ ក្នុងការទទួលបានការគាំទ្រ ពីមូលនិធិ SADIF ។ នេះគឺជារឿងធម្មតាមួយ ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Smart ខណៈដែលយើងប្រើបណ្តាញភ្ជាប់រួចជាស្រេច ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យពីចម្ងាយ ទៅលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ដែលហៅថា Internet of Things (IoT) microgrids របស់យើង។ បណ្ដាញភ្ជាប់ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការប្រមូលទិន្នន័យឧបករណ៍ចាប់សញ្ញា និងបញ្ជូនការគ្រប់គ្រង ដែលយើងត្រូវការដើម្បីធានាថា សហគមន៍មានលទ្ធភាពប្រើប្រាស់ថាមពល»។

លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថា «អគ្គិសនី គឺជាកត្តាចាំបាច់មួយ សម្រាប់ជីវភាពរស់នៅរបស់មនុស្សទូទៅ ប៉ុន្តែ មនុស្សជាង១,២ពាន់លាននាក់ នៅក្នុងពិភពលោក បន្តរស់នៅដោយគ្មានអគ្គិសនីគ្រប់គ្រាន់។ បច្ចេកវិទ្យាខុសប្លែកពីគេ និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន Okra មានសមត្ថភាពផ្គត់ផ្គង់ និងឆ្លើយតបជាវិជ្ជមានដល់ពលរដ្ឋ ដែលរស់នៅគ្មានអគ្គីសនីក្នុងប្រទេសកម្ពុជា និងផ្គត់ផ្គង់លើពីនេះទៅទៀត»

ក្នុងការបញ្ចូលទុនវិនិយោគក្នុងពេលនេះ មូលនិធិ SADIF គឺជាសហវិនិយោគិន ជាមួយមូលនិធិ Schneider Energy Access Fund (Schneider Electric)។ មុនពេលទទួលបានហិរញ្ញវត្ថុពីមូលនិធិ SADIF ក្រុមហ៊ុន Okra ទទួលបានការគាំទ្រពីអង្គការសំខាន់ៗ ដូចជាអង្គការ UKAid និង អង្គការ SNV Netherlands Development Organization ។

ក្រុមហ៊ុន SOUSDEY CAMBODIA សហគ្រិនផ្ដល់ដំណោះស្រាយ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន តាមរយៈចាប់ផ្តើមប្រតិបត្តិកាអាជីវកម្មររបស់ខ្លួន ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Sousdey បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងទីផ្សារក្នុងស្រុក សម្រាប់ការប្រើប្រាស់សេវាឆ្លងឆ្លើយស្វ័យប្រវត្តិលើកម្មវិធី Facebook Messenger របស់ខ្លួន និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្កើតកម្មវិធី Khmer Natural Language Processing និងជាផ្លាតហ្វមមួយដែលផ្តោតលើកម្មវិធីប្រាជ្ញាសិប្បនិម្មិត (AI)។ សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មស្ទើរតែទាំងអស់នៅកម្ពុជា ប្រើប្រាស់កម្មវិធី Facebook និងកម្មវិធី Facebook Messenger ប៉ុន្តែប្រហែលពិបាក ក្នុងទាក់ទងឲ្យមានប្រសិទ្ធភាព ជាមួយអតិថិជនជាច្រើនរបស់ពួកគេ។ ក្រុមហ៊ុន Sousdey អនុញ្ញាតឲ្យអតិថិជនសហគ្រាសអាចទាក់ទងបានយ៉ាងរលូន ជាមួយអតិថិជនរបស់ពួកគេ និងយល់ដឹងបន្ថែមអំពីចំណុចសំខាន់ៗនៃការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ។

លោក Djibril Cisse ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Sousdey Cambodia បានថ្លែងថា «ការផ្ដល់ប្រាក់ពីមូលនិធិ SADIF នឹងជួយដល់ការអភិវឌ្ឍកម្មវិធីរបស់យើង ឲ្យកាន់តែប្រសើរឡើង ខណៈពេលពង្រឹងការខិតខំប្រឹងប្រែងផ្នែកលក់ និងទីផ្សារដើម្បីពង្រីកផលិតផលរបស់យើង»។ ក្រុមហ៊ុន Sousdey Cambodia សង្ឃឹមថា នឹងសហការជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង ក្រុមហ៊ុនMSP ដើម្បីជួយដល់អតិថិជនសហគ្រាស និងបង្កើតផលិតផល លំដាប់ថ្នាក់ពិភពលោករបស់សហគ្រាស៕