(ភ្នំពេញ)៖ នៅក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកូរ៉េខាងត្បូង បានលើកឡើងថា ពលករខ្មែរ ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ខាងត្បូងប្រមាណ៥ម៉ឺននាក់ បានផ្ញើថវិកាខ្ទង់៦០០លានដុល្លារអាមេរិក មកស្រុកកំណើត នៅក្នុងមួយឆ្នាំៗ ទាំងនេះ គឺជាផ្នែកមួយចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លោក ឡុង ឌីម៉ង់ បានថ្លែងថា ជាមួយការភ្ជាប់ទំនាក់ទំនងការទូត ប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច វិស័យការងារ ហើយភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរ និងបងប្អូនពលករបច្ចុប្បន្នមានជាង៦ម៉ឺននាក់នៅកូរ៉េ ក្នុងនោះកម្ពុជាបាននាំពលករ ដែលមិនជំនាញឲ្យទៅបម្រើការងារនៅកូរ៉េ ដោយទទួលបាននូវវគ្គបំប៉នផ្សេងៗ ពីអ្នកជំនាញកូរ៉េ ទើបធ្វើឱ្យពលខ្មែរ ដែលបញ្ជូនទៅនោះទទួលបានចំណេះដឹងលើវិស័យជាច្រើនពីកូរ៉េខាងត្បូង ហើយពលករទាំងនោះ ទទួលបានប្រាក់ខែខ្ពស់ ដើម្បីសន្សំផ្ញើមកប្រទេសកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េរូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «យើងបានខិតខំចរចាជាមួយភាគីប្រទេសជាមិត្ត ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េនេះ ក្នុងការបើកទីផ្សារការងារ ជូនបងប្អូនខ្មែរ ឲ្យមកទទួលនូវជំនាញវិជ្ជាជីវៈផង មានការងារធ្វើផង និងមានប្រាក់ខែខ្ពស់ផ្ញើមកក្រុមគ្រួសារ ហើយបងប្អូនខ្មែរ ដែលទៅធ្វើការនៅប្រទេសកូរ៉េ គ្រាន់តែផ្ញើប្រាក់ទៅប្រទេសកម្ពុជា មិនក្រោម៦០០លានដុល្លារ ដូច្នេះជាចំនួនថវិកាមួយដ៏ធំ»

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំរៀបចំខ្សែបន្ទាត់នយោបាយ និងទស្សនៈវែងឆ្ងាយលើវិស័យការងារនានា នៅក្នុងប្រទេសកម្ពុជា និងខិតខំធ្វើកិច្ចសហ ប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីបង្កភាពងាយស្រួលបង្កើនការចាប់អារម្មណ៍លើការដាក់វិនិយោគបរទេសនៅកម្ពុជា និងបញ្ជូនពលករគ្មានជំនាញធ្វើការនៅបរទេស ដើម្បីនាំជំនាញមកប្រទេស ព្រមទាំងថវិកាជាច្រើនត្រឡប់កម្ពុជាវិញផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោក ឌីម៉ង់។

លោកបានថ្លែងបន្ថែមទៀតថា សហគមន៍ខ្មែរនៅប្រទេសកូរ៉េ មានចំនួនជាង៦ម៉ឺននាក់ ក្នុងនោះបងប្អូនប្រជាពលករមានជាង៥,០០០០ម៉ឺននាក់ ស្ត្រីខ្មែរដែលរៀបការជាមួយជនជាតិកូរ៉េ មានចំនួនជាង៧ពាន់នាក់ និងមាននិស្សិតខ្មែរជាង៤០០នាក់ ដែលកំពុងរៀននៅប្រទេសកូរ៉េ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា នៅក្នុងចំណោមជាតិសាសន៍ចំនួន១៦ ដែលបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ពលករដែលជាជនជាតិខ្មែរយើង ទទួលបានកេរ្តិ៍ឈ្មោះបោះសំលេង ជាងជនជាតិដទៃទៀត គឺថៅកែជនជាតិកូរ៉េ តែងតែកោតសសើរមិនដាច់ពីមាត់ថា ពួកគេមានភាពអត់ធ្មត់នឹងការងារ មានភាពស្មោះត្រង់ ចេះគោរពស្រឡាញ់អ្នកបម្រើការងារជាមួយគ្នា និងសហការល្អជាមួយគ្នាសម្រាប់កិច្ចការងារជាក្រុមផងដែរ៕

សូមស្តាប់កិច្ចសម្ភាសន៍ជាមួយលោក ឡុង ឌីម៉ង់ ដូចខាងក្រោមនេះ៖