(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងបន្ដជួបជាមួយសិល្បករ សិល្បការិនី រហូតដល់សម្តេចលែងធ្វើជានាយករដ្ឋមន្ត្រី ដោយគ្មានការរំខានណាមួយមកលើសម្ដេចនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យ៉ាងហោចណាស់ខ្ញុំ នៅសល់ពេល៤ឆ្នាំទៀត ដើម្បីជួបគ្នារហូតដល់ឆ្នាំ២០២៣ ប៉ុន្ដែខ្ញុំបាននិយាយហើយថា ខ្ញុំនឹងបន្ដធ្វើជានាយករដ្ឋមន្ដ្រី មិនតិចជាង១០ឆ្នាំទៀតទេ ហើយប្រសិនជារឿងនេះ វាក្លាយជាការពិត យើងនឹងជួបគ្នាក្នុងរយៈពេល១០ឆ្នាំបន្ដទៅមុខទៀត ដោយគ្មានការរំខានណាមួយ ពីពួកអាសិរ្ពិសណាទាំងអស់»

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចបាន ជាពិសេសមរតកមនុស្សរស់ សិល្បករ ចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័ន វប្បធម៌ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើក ក្នុងការអភិរក្ស និងអភិវឌ្ឍ សិល្បៈវប្បធម៌ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស និងមានការរីកចម្រើនគួរជាទីមោទនៈ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនទូទាំងប្រទេស មកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្ត ទាំង២៥ សកលវិទ្យាល័យទាំង១១ និងអង្គការ/សមាគមសិល្បៈទាំង១០ ដែលបានខិតខំប្រឹងប្រែង ក្នុងការតែងនិពន្ធដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសនាពេលនេះ។

ទន្ទឹមគ្នានោះដែរ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ​បានចាត់ទុកការជួបជុំបណ្តាសិល្បករ សិប្បករ តន្ត្រីករ ទាំងសម័យ និងបុរាណ អ្នកចម្រៀង អ្នកសម្តែង អ្នកនិពន្ធ និងអ្នកជំនាញនានា គ្រប់ទម្រង់ នៃសិល្បៈវប្បធម៌ជាតិ នៅទូទាំងប្រទេសនេះ ជាទិវាសុខដុមនីយកម្មនៃសិល្បៈវប្បធម៌ជាតិ។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវប្បធម៌របស់ខ្មែរឡើងវិញ រហូតសម្រេចបង្កើតឲ្យមានទិវា «វប្បធម៌ជាតិ ៣មីនា» នៅឆ្នាំ១៩៩៨។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវវ័យ ឲ្យស្រឡាញ់វប្បធម៌របស់ជាតិ៕