(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ ចេញពីភ្លើងសង្គ្រាមយ៉ាងខ្ទេចខ្ទាំ នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា​ សម្ដេចចង់ឃើញវិស័យភាពយន្ដរបស់កម្ពុជា ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្លាយជាភាពយន្ដពេញនិយមនៅសម័យសម្ដេចដឹកនាំប្រទេស។

ប្រសាសន៍ដ៏មានអត្ថន័យ​របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្នុងពិធីនេះសម្តេចតេជោ ​​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រស់ស្រូបអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យសិល្បៈភាពយន្ដរបស់ខ្មែរ ដែលបានស្លាប់ទៅក្នុងជំនាន់ ប៉ុល ពត ហើយដែលបានរស់ឡើងវិញ នៅក្នុងដំណាក់កាលដែលខ្ញុំដឹកនាំ ខ្ញុំចង់ឲ្យភាពយន្ដខ្មែររបស់យើងក្លាយទៅជាភាពយន្ដ ដែលពេញនិយមសម្រាប់ប្រជាជនកម្ពុជា របស់យើងឡើងវិញ។ វាបានកើតឡើង ចាប់កំណើតឡើងនៅក្នុងពេលខ្ញុំចាប់ផ្ដើមធ្វើជានាយករដ្ឋមន្ដ្រី នៅក្នុងប្រទេសនេះ»

ក្រៅពីចង់ឲ្យវិស័យភាពយន្ដពេញនិយមនៅក្នុងប្រទេសនោះ ​សម្ដេចតេជោ ហ៊ុន សែន ក៏បង្ហាញនូវក្ដីរំពឹងថា ភាពយន្ដកម្ពុជាអាចនឹងនាំយកទៅបញ្ចាំង នៅក្រៅប្រទេសបានទៀតផង ដូចកាលពីជំនាន់ទស្សវត្ស៦០ និងពាក់កណ្ដាលទស្សវត្ស៧០ ដែលសម័យកាលនោះមានការពេញនិយមយ៉ាងខ្លាំង ប៉ុន្ដែត្រូវបំផ្លាញទៅវិញដោយភ្លើងសង្គ្រាម។

​សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «ខ្ញុំក៏ចង់មើលឃើញថា​ ភាពយន្ដកម្ពុជារបស់យើង មិនគ្រាន់តែពេញនិយមនៅក្នុងប្រទេសរបស់ខ្លួនទេ ក៏ប៉ុន្ដែអាចនឹងនាំយកទៅបញ្ចាំង នៅក្រៅប្រទេសបានទៀតផង ដូចកាលពីជំនាន់ទស្សវត្ស៦០ និងពាក់កណ្ដាលទស្សវត្ស៧០ ដែលខ្សែភាពយន្ដរបស់យើងនៅពេលនោះ ក៏មានការពេញនិយម»

លើសពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ​សង្ឃឹមយ៉ាងមុតមាំថា ​វិស័យខ្សែភាពយន្ដរបស់កម្ពុជា គឺនឹងបន្ដមានជីវិតបន្ដទៅទៀត ហើយសម្ដេចបានសង្កត់ធ្ងន់ថា សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យ សិល្បៈ និងការផលិតភាពយន្តខ្មែរ សម្ដេចសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារផងដែរ។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ដអំពាវនាវឲ្យមានការខិតខំបន្ថែមទៀត ក្នុងការផលិតខ្សែភាពយន្ត ព្រោះថាបើមានការនិពន្ធ និងដឹកនាំល្អនោះ ការសម្តែងរបស់តារាខ្មែរក៏បានល្អផងដែរ ហើយសម្ដេចក៏បានសម្តែងការរីករាយផងដែរ ចំពោះការកើនឡើង នៃអ្នកគាំទ្រភាពយន្តខ្មែរ នាពេលបច្ចុប្បន្ននេះ។

គួរជម្រាបថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រៅពីវិស័យភាពយន្ដនោះ នៅមានវិស័យជាច្រើនទៀត ​ត្រូវបានបំផ្លេចបំផ្លាញស្ទើរទាំងស្រុង រួមមាន វិស័យពុទ្ធចក្រផងដែរ ដែលរាជរដ្ឋាភិបាលបច្ចុប្បន្ន ចាត់ទុកជាសាសនារបស់រដ្ឋ ប៉ុន្ដែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គ្រប់វិស័យទាំងអស់ត្រូវបានស្ទើរឡើងវិញ ក្រោយរំដោះប្រទេសជាតិ៕