(សៀមរាប)​៖ លោក ទៀ សីហា អភិបាល​ខេត្តសៀមរាប បានថ្លែង​ទៅកាន់មន្ត្រីរាជការ អាជ្ញាធរ និងអ្នកចូលរួមប្រមាណ​​៣០០នាក់ ក្នុងសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យគន្ធបុប្ផា​សៀមរាប ថា​​គ្រឿងញៀន មិនមែនប៉ះពាល់ទៅដល់តែសាមីខ្លួននោះទេ គឺវាធ្វើឲ្យចង្រៃដល់គ្រួសារទាំងមូលតែម្ដង។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់​ឲ្យកម្លាំងមានសមត្ថកិច្ចទាំង​អស់ ​ត្រូវទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ហើយលោក​បានផ្ដាំផ្ញើដល់អ្នករួមទាំងអស់ និងជាគ្រូពេទ្យផងដែរ ត្រូវ​ផ្សព្វផ្សាយ និងធ្វើឲ្យមានការជ្រល់ជ្រាបឲ្យបានច្រើនបំផុត​នូវរាល់ផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រឿងញៀន ព្រោះ​​គ្រឿងញៀននេះ មិនមែនប៉ះពាល់ទៅដល់តែសាមីខ្លួននោះទេ គឺវាធ្វើឲ្យចង្រៃដល់គ្រួសារទាំងមូល​ ហើយបើបានប៉ះពាល់ និងរាយប៉ាយលឿន។

លោក ទៀ សីហា បានបង្ហាញក្ដីរំលឹកថា ​ប្រសិនបើមានការ​បង្ក្រាបនៅកន្លែងមួយហើយ អ្នកចែកចាយគ្រឿងញៀន ​នឹងបន្តចែកចាយ​ទៅកន្លែងផ្សេងទៀត ដូច្នេះក្នុងខេត្តសៀមរាប​ធ្វើយ៉ាងណាកុំឲ្យមានបញ្ហាគ្រឿងញៀន ដែលទាំងអស់គ្នាត្រូវរួមគ្នា ចូលរួមផ្សព្វផ្សាយ អប់រំ ការពារ ទប់ស្កាត់ និងបង្ក្រាប ប្រកបដោយការទទួលខុសត្រូវ និងឲ្យមានប្រសិទ្ធិភាពខ្ពស់។

ក្នុងឱកាសនោះ​ លោកអភិបាលខេត្ត ​បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនៅមន្ទីរ ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ ជួយបន្ថែមទៀតលើការពង្រឹងវិន័យការងារ ពិនិត្យពេលវេលាម៉ោងធ្វើការ វេនយាមឲ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវ ចំពោះ​សុខមាលភាពជូនប្រជាជន ពិសេសគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងលក្ខន្តិកៈមន្ត្រីរាជការ ហើយត្រូវបន្តសហការជាមួយ​ដៃគូរ និងភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសុខភាព ជូន​ប្រជាជន​ឲ្យបានកើនមួយកម្រិតទៀត៕