(តាកែវ)៖ លោកស្រី សុខ កែវ ច័ន្ទសារុន អគ្គនាយកក្រុមហ៊ុនសុខកែវ អ៊ីមផតអិចផត និងជាភរិយាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ លោក ច័ន្ទ សារុន បានជួបសំណេះសំណាលជាមួយ និងផ្តល់អំណោយ វត្ថុអនុស្សាវរីយ៍ដល់មន្រ្តីជាស្រ្តីចំនួន៦៤នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

ការជួបសំណេះសំណាលនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី សុខ កែវ ច័ន្ទសារុន អញ្ចើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នៅរដ្ឋបាលស្រុកត្រាំកក់ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ដោយមានការចូលរួមពីគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ការិយាល័យ មន្ត្រីរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុកត្រាំកក់ ជានារីចំនួន៦៥នាក់។

លោកស្រី សុខ កែវ ច័ន្ទសារុនបានឲ្យដឹងថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា ប៉ុន្តែសម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ តែត្រូវបាត់បងអស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុលពត។

លោកស្រីបានបន្តថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្រ្តី ផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយចាប់តាំងពីរំដោះ រហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្ត្រី រហូតបង្កើតបានជាពាក្យស្លោកថា​ «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

ជាក់ស្តែងនាពេលបច្ចុប្បន្ន នារីបានបង្កើនសម្ថភាពកាន់តែប្រសើរ ជាពិសេសស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍យើងសង្កេតឃើញថា មានការកើនឡើងនៃចំនួនសហគ្រិនជាស្ត្រីផងដែរ។

ជាមួយគ្នានោះ លោកស្រីបានអំពាវនាវ ដល់សមាជិកក្រុមប្រឹក្សាឃុំជានារី ត្រូវយកចិត្តទុកដាក់ជំរុញឲ្យមានការផ្តល់ឱកាស ដល់អ្នកបម្រើការងារតាមផ្ទះជាក្មេងៗ រួមទាំងក្មេងស្រីនៅគ្រប់មូលដ្ឋានឃុំ ឲ្យទទួលបានការអប់រំ និងត្រូវជម្រុញឲ្យពួកគាត់យកចិត្តទុកដាក់រៀនសូត្ររហូតបានចប់កំរិតមធ្យមសិក្សា គឺបាក់ឌុប៕