(ភ្នំពេញ)៖ កម្លាំងប្រជាការពារខណ្ឌឫស្សីកែវ ដឹកនាំដោយលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ស្ដីទីខណ្ឌ រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ បានបន្តនាំយក រថយន្ដបាញ់ទឹកពន្លត់អគ្គិភ័យ និងរថយន្ដ «សាស៊ើ» សហការជាមួយបុគ្គលិកក្រុមហ៊ុនស៉ិនទ្រី ដើម្បីប្រមូលរាល់កាកាសំណល់សំរាមនានា និងលាងសម្អាត់ផ្លូវលេខ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ផ្លូវជសតិលេខ៥ មហាវិថីឈ្នះឈ្នះ និងតាមបណ្ដាផ្លូវមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខណ្ឌ ក្នុងការថែរក្សាបរិស្ថានទីក្រុងស្អាត ជំវិញការរស់នៅរបស់ប្រជាពលរដ្ឋ។​

យ៉ាងណាក៏ដោយ ក្នុងសកម្មភាពសម្អាតបរិស្ថាននេះ ជានិច្ចជាកាលគេតែងសង្កេតឃើញ កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ក្រោមការដឹកនាំដោយលោក ជា ពិសី តែងតែបានចូលរួមសកម្មភាពទីក្រុងស្អាត តាមរយៈការធ្វើអនាម័យ ប្រមូលរាល់កាកសំណល់សំរាមតាមដងផ្លូវ នៃគោលដៅសំខាន់ៗ និងលាងសម្អាតផ្លូវ លើបញ្ហាបរិស្ថាន។

ដូច្នេះសូមយើងទាំងអស់គ្នា ចូលរួមគាំទ្រ និងជំរុញចលនាទីក្រុងស្អាត ឲ្យបានសកម្មទូលំទូលាយ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងទីក្រុងយើង និងពន្លឿនការកែលម្អមជ្ឈដ្ឋានរស់នៅ របស់យើងគ្រប់គ្នា ឲ្យកាន់តែល្អប្រសើរ ប្រកបដោយសុខដុមរមនា និងដើម្បីកិត្តិយសជាតិ។

លើសពីនេះ អភិបាលខណ្ឌឫស្សីកែវរូបនេះ តែងតែថ្លែងលើកឡើងជានិច្ច នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំក្រុមប្រឹក្សាខណ្ឌ ប្រចាំខែ ដោយធ្វើយ៉ាងណា កម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ត្រូវអនុវត្តជាប្រចាំ ចំពោះការសហការជាមួយក្រុមហ៊ុន ស៉ិន ទ្រី និងអ្នកពាក់ព័ន្ធ​លើបញ្ហារក្សាបរិស្ថាន ដើម្បីទីក្រុងស្អាតមានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យរស់នៅរបស់យើងគ្រប់គ្នា មានផាសុខភាពប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរ​ ក្នុងការទទួលបានជោគជ័យ ក្នុងវិស័យមួយនេះ ចាំបាច់ណាស់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីធ្វើឲ្យទីក្រុងស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាព៕​