(ភ្នំពេញ)៖ ស្ត្រីគឺជាកម្លាំងចលករមិនអាចខ្វះបាន ជាមោទនភាពនៃមន្ទីរសង្គមកិច្ច ​ហើយនារីមន្ទីរយើង គឺជាកម្លាំងមួយដែលរុញច្រានស្ថាប័នថ្នាក់ក្រោមជាតិ ឲ្យទទួលបានលទ្ធផលល្អ ក្នុងការជួយទៅដល់ជនរងគ្រោះ​ ជនងាយរងគ្រោះ​។ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និយាយរួម និងនិយាយដោយឡែកស្ត្រីនៅក្នុងស្ថាប័ន បាននិងកំពុងផ្តោតការយចិត្តទុកដាក់ និងមានការចូលរួមនៃគ្រប់ស្ថាប័នពាក់ព័ន្ឋ និងជាដៃគូរអភិវឌ្ឍន៍សមតាមសមត្ថភាព ទទួលបានជោគជ័យគួរជាទីមោទនៈ។

នេះជាការលើកឡើងរបស់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ ក្នុងពិធីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដោយមានបងប្អូននារី ប្រមាណ១២០នាក់ ចូលរួមអបអរក្នុងឱកាសនោះផងដែរ។

លោកស្រី មុំ ចាន់ដានី ថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ នាពេលនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងគោលបំណងរំលេចពីតម្លៃសន្តិភាព និងជំរុញគាំទ្រស្រ្តី ដើម្បីវឌ្ឍនភាពសង្គម លើកកម្ពស់សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទី និងសុខមាលភាព អភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព ពេញលេញ។

លោកស្រី បានថ្លែងបន្តថា ការបញ្ជ្រាបយេនឌ័រ នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល បានកំពុងបន្តរៀបចំគម្រោងស្បៀង និងថវិកាបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកុមារភាពដែលសសរទ្រូង សម្រាប់ប្រទេសជាតិ និងកំពុងអនុវត្ត​មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ និងជនពិការ។

ប្រធានមន្ទីររូបនេះបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជាថ្មីៗនេះ បានលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីបន្តទម្រង់រើសអើង បញ្ជ្រាបយេនឌ័រកាន់តែទូលំទូលាយ ហើយត្រូវស្វែងយល់ពីការងារការបំពេញភារកិច្ចរបស់ស្រ្តី នៅថ្នាក់ក្រោមជាតិ អភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ ជាពិសេសស្រ្តីវ័យក្មេង៕