(ភ្នំពេញ)៖ បន្ទាប់ពីទឹកបរិសុទ្ធកម្ពុជាចំនួន១០,០០០កេស ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋចំនួន២៤១១គ្រួសារពី១១ភូមិ ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ក្រុមការងារពន្លត់អគ្គីភ័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្តដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងឃុំម្សាក្រង។

ឡានពន្លត់អគ្គីភ័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលត្រូវបានបញ្ជូនពីរាជធានីភ្នំពេញកំពុងបន្តបេសកកម្មចំនួនបីថ្ងៃចាប់ពីថ្ងៃទី០៥ មីនា ដល់ថ្ងៃទី០៨ មីនា ឆ្នាំ២០១៩ ដើម្បីដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋគ្រប់គ្រួសារទុកប្រើប្រាស់ប្រចាំថ្ងៃដូចជាចម្អិនអាហារ និងងូតជាដើម។
ប្រតិបត្តិការដឹកទឹកស្អាតនេះក៏ត្រូវបានគាំទ្រនិងចូលរួមពីអជ្ញាធរមូលដ្ឋានដែលបានបញ្ជូនឡានពន្លត់អគ្គីភ័យចំនួនពីរគ្រឿងទៀតដើម្បីដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋផងដែរ។
លោក តាំង ដារិន អ្នកបើកបររថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស (ស្រាបៀរកម្ពុជា) ដែលកំពុងដឹកនាំការងារដឹកជញ្ជូននិងចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋឃុំម្សាក្រង បានថ្លែងថា 《តាងនាមឲ្យក្រុមការងារដឹកជញ្ជូននិងចែកទឹកទាំងអស់ ពួកយើងពិតជាមានភាពរីករាយណាស់ដែលបានចូលរួមបំពេញបេសកកម្មដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំម្សាក្រងដែលកំពុងខ្វះខាតទឹកស្អាត។

ស្នាមញញឹមរបស់ប្រជាពលរដ្ឋ នៅពេលដែលទទួលទឹកពីយើងជាការលើកទឹកចិត្តដ៏មានតម្លៃបំផុតក្នុងការជម្រុញឲ្យយើងបន្តបំពេញភារកិច្ចនេះដោយមិនគិតពីការនឿយហត់អ្វីទាំងអស់》។

កន្លងមកក្រុមហ៊ុន បាននាំយកទឹកស្អាត និងទឹកពិសាទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកំពតនិងខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១៦ និងខេត្តក្រចេះនៅឆ្នាំ២០១៨ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះកង្វះទឹកស្អាតម្តងៗ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) បានថ្លែងក្នុងឱកាសចែកទឹកបរិសុទ្ធ១០,០០០កេស ជូនប្រជាពលរដ្ឋឃុំម្សាក្រង ថា “ឆ្នាំនេះ (២០១៩) ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថាការឧបត្ថម្ភទឹកស្អាតនិងទឹកបរិសុទ្ធកម្ពុជារបស់ក្រុមហ៊ុន នឹងចូលរួមចំណែកបន្តិចបន្តួចក្នុងការដោះស្រាយការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំម្សាក្រងទាំង២៤១១គ្រួសារ ហើយខ្ញុំជឿជាក់ថាអជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ ក៏នឹងបន្តបំពេញភារកិច្ចយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាខ្វះទឹកនេះផងដែរ》។