(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៨ ឆ្នាំ២០១៩ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្សនារីឥស្លាម​១៧០នាក់ នៅសាលារៀនឥស្លាមកម្រិត២ អាន់នៀកម៉ះភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកស្រីតំណាងរាស្រ្ត បានផ្តាំផ្ញើដល់ប្អូនៗ ដែលជាទំពាំងស្នងឫស្សីទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់យកឱកាស ដ៏មានតំលៃនេះ ដើម្បីក៏សាងអនាគតសម្រាប់ខ្លួនឯង គ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល។ លើសពីនេះទៅទៀត ​សិស្សានុសិស្ស ជានារីឥស្លាមផងនោះ ត្រូវតែប្រកាន់ខ្ជាប់នៅកិរិយាមាយាទតាមច្បាប់សាសនា ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ឆ្លៀតក្នុងឱកាស នៃពិធីសំណេះសំណាលនេះ លោកស្រី ម៉ាណ ណាវី ក៏បាននាំយកនូវអង្ករចំនួន​៤តោន សម្រាប់ឧបត្ថម្ភដល់សាលាផងដែរ៕