(តាកែវ)៖ ដោយមានការយកចិត្តទុកដាក់ និងទទួលការណែនាំ​ពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ។

ការចូលគោរពវិញ្ញាណក្ខន្ធនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំនគរបាលព្រហ្មទណ្ឌទាំងអស់ បានចាត់ទុកថា មរណភាពរបស់​ឧត្តមសេនីយ៍ត្រី សួន ផុន ​គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ​របស់​ក្រុមគ្រួសារលោក សួន ផុន ទាំងមូល។

លើសពីនេះ លោក សួន ផុន ​បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារជាកងកម្លាំងនគរបាល ដែលលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជារហូតសង្ខារលត់។

​ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានសម្ដែងនូវការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានចូលរួមថវិកាចំនួន២លានរៀលផងដែរ៕​