(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលរបស់លោក សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវ រហូតតាមចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់យីហោ «ប៉ាអ៊ី ម៉ាក់អ៊ី»។

សូមបញ្ជាក់ថា នារីបម្រើការខារ៉ាអូខេម្នាក់​ ត្រូវ​បាន​អ្នក​រៀប​ចំ​បន្ទប់ក្នុង​ផ្ទះ​សំណាក់​ បាន​ប្រទះឃើញដេកស្លាប់ ​ទាំង​អាក្រាត​កាយ​យ៉ាង​អាណោចអាធ័ម​បំផុត​ បង្កឲ្យ​មានការ​ស្រែកឆោឡោ​​ និងមានភ្ញាក់​ផ្អើល​ជាខ្លាំង​ ​កាលពី​ថ្ងៃទី​០៤​ ខែ​មីនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​​ជាង​១២ថ្ងៃ​ត្រង់​ ​ស្ថិតនៅក្នុង​​ភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា ក្រោយមានករណីឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួនបាននៅខេត្តកំពង់ស្ពឺ បន្ទាប់ពីគេចខ្លួនចេញពីភ្នំពេញ។

ក្រោយការចាប់ និងនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ត លោកផ្ទាល់បានសួរចម្លើយរហូតដល់ម៉ោង១យប់ គឺពិតជាជាប់សង្ស័យនៃអំពើឃាតកម្មនេះមែន។

យ៉ាងណាក៏ដោយនោះ សម្រាប់នីតិបន្តទៀតកម្លាំងនគរបាលរបស់លោក បាននិងកំពុងចាត់ការបន្តទៀត៕