(ស្វាយរៀង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងនាមយើងជាកងកម្លាំង ត្រូវការពាររដ្ឋធម្មនុញ្ញស្របច្បាប់ ដោយមិនឲ្យក្រុម ឬក៏ជនណាមកបំផ្លាញសុខសន្តិភាពនោះបានឡើយ ព្រោះសុខសន្តិភាព ដែលមានបានមកសព្វថ្ងៃនេះ គឺមានតម្លៃមហាសាលធំធេងណាស់ ដោយមិនអាចនឹងកាត់ថ្លៃបាននោះឡើយ។

ការថ្លែងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បែបនេះក្នុងដំណើរបេសកម្មអញ្ជើញ ចុះមកខេត្តស្វាយរៀងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសមត្ថកិច្ចដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងពិនិត្យបង្គោលព្រំដែនលេខ១៥៨ ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ស្រុកស្វាយទាប និងច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅចំពោះមុខកងកម្លាំងទាំងអស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ បានយកចិត្តទុកដាក់ណាស់ ចំពោះសុខ និងទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាពរបស់កងកំម្លាំងទាំងអស់ ជាពិសេស អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដែលបានខិតខំបំពេញកាតព្វកិច្ច បម្រើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។

សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយបណ្ដា សមត្ថកិច្ចប្រទេសជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់បំផុតនូវអនុសាសន៍១០ចំណុចរបស់សម្តេចតេជោ ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមក។

សម្តេចពិជ័យសេនា ក៏បានឧបត្ថម្ភដល់កងកម្លាំងទាំង៣ ក្នុងមួយអង្គភាពទទួលបានថវិកាមួយលានរៀល ព្រមទាំងបានផ្ដល់ជូនម៉ូតូឌ្រីមសង់ចំនួន៦គ្រឿង ដល់កម្លាំងយោធា សម្រាប់ប្រើប្រាស់ ក្នុងកិច្ចការល្បាតការពារព្រំដែនផងដែរ៕