(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ ឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ១៦គ្រឿង, រថយន្តតូច៧គ្រឿង, រថយន្ដធំ៤គ្រឿង, ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង, និងងងុយ។

សូមបញ្ជាក់ថា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៥៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣៥នាក់ របួសធ្ងន់៣៩នាក់ និងរបួសស្រាល៣៦នាក់៕