(វ៉ាស៊ីនតោន)៖ សារព័ត៌មាន​អាមេរិក Wall Street Journal នៅថ្ងៃសុក្រនេះ បានទម្លាយរាយការណ៍ដ៏រសើបមួយថា រដ្ឋាភិបាលរុស្ស៊ី​បានអនុញ្ញាតឱ្យពលករ​កូរ៉េខាងជើង​​រាប់ពាន់រាប់ម៉ឺននាក់​ ចូលធ្វើការក្នុងប្រទេសរបស់ខ្លួន ដែលប្រការនេះ​ត្រូវបាន​ក្រុមមន្ត្រី​អាមេរិក​​ចាត់ទុកថា គឺជាទង្វើ​រំលោភ​លើ​ទណ្ឌកម្ម UN ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

យោងតាម Wall Street Journal ពលករកូរ៉េខាងជើង​ថ្មីប្រមាណ ១០,០០០នាក់ បានចុះឈ្មោះ​បម្រើការងារនៅក្នុង​ប្រទេសរុស្ស៊ី ចាប់តាំងពី​ខែកញ្ញា ឆ្នាំ២០១៧មក ហើយសារព័ត៌មាននេះដដែល ដោយផ្អែកលើទិន្នន័យរបស់​ក្រសួងមហា​ផ្ទៃរុស្ស៊ី បានបញ្ជាក់ទៀតថា ការងារថ្មីចំនួន ៧០០កន្លែង ត្រូវបានផ្ដល់ឱ្យពលករ​កូរ៉េខាងជើង នៅប្រទេសរុស្ស៊ី​នៅឆ្នាំ២០១៨។

ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្ត្រី​អាមេរិក​បានចាត់ទុកថា ការទទួលយកពលករ​កូរ៉េខាងជើងនេះ​ គឺជាទង្វើរំលោភលើទណ្ឌកម្ម UN ដែលមាន​ចេតនារាំងខ្ទប់ប្រាក់​ចំណូល នៃរបបដឹកនាំទីក្រុង​ព្យុងយ៉ាង​នៅក្រៅប្រទេស និងបង្ខំឱ្យលោក គីម ជុងអ៊ុន បោះបង់​ចោលអាវុធ​នុយក្លេអ៊ែរ។ បន្ថែមពី​លើនេះ​បើតាម Wall Street Journal ក្រុមមន្ត្រី UN​ កំពុងធ្វើការស៊ើប​អង្កេតលើការរំលោភ​បំពាននេះ ហើយ រីឯក្រសួងការ​បរទេសរុស្ស៊ី មិនទាន់ធ្វើការអត្ថា​ធិប្បាយណាមួយ​នៅឡើយ​ទេ៕