(ព្រះសីហនុ)៖ ទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ០៦តោន ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងដកហូតបានពីអាជីវករ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៧នេះ ត្រូវបានដុតកម្ទេចចោល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះដុតកម្ទេចទំនិញម្ហូបអាហារខូចគុណភាពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ នៅក្នុងផ្សារ តាមហាងទំនិញមួយចំនួននៅទូទាំងខេត្ត និងតាមបណ្តាមាត់ច្រកត្រួតពិនិត្យ ជាលទ្ធផលបានរកឃើញទំនិញ ម្ហូបអាហារមួយចំនួនខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងច្បាប់ហាមឃាត់ ដកហូតយកមករក្សាទុក ដើម្បីដុតបំផ្លាញចោល។ ទំនិញម្ហូបអាហារ ខូចគុណភាព ដែលដុតកម្ទេចចោលនាពេលនេះ មានដូចជា ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត សរុបចំនួន ៦,០៨០គីឡូក្រាម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសតូ្រវខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ ធ្វើការពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីបម្រើការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ធានាឲ្យបាននូវអនុលោមភាពរបស់ទំនិញទាំងនាំចេញទាំងនាំចូល៕