(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាសព្វថ្ងៃ បើនិយាយអំពីផ្នត់គំនិតបងប្អូនខ្មែរយើងខ្លះហាក់ចាត់ទុកថា «សន្ដិភាព» ដែលយើងកំពុងរស់យ៉ាងសុខសាន្ដ ព្រមជាមួយការអភិវឌ្ឍគ្រប់បែបយ៉ាងនាពេលនេះ ដូចជារឿងសាមញ្ញ ប៉ុន្ដែត្រង់ចំណុចនេះ បើយោងទៅលើប្រវត្ដិសាស្រ្ដ គឺពុំមែនជារឿងសាមញ្ញនោះទេ។

លោក រត្ន័ សណ្តាប់ បានគូសរំលេចថា ចំពោះ «សន្ដិភាព» ដែលយើងកំពុងរស់យ៉ាងសប្បាយរីករាយនាពេលនេះ គឺជាលើកទី១ ក្នុងប្រវត្ដិសាស្រ្ដកម្ពុជា បើគិតពីរយៈពេលប្រមាណ៥០០ឆ្នាំ ទើបយើងរកឃើញ «សន្ដិភាព» យ៉ាងពេញលេញដែលយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ ដោយសារទស្សនវិជ្ជា «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ដោយបានប្រែក្លាយសមរភូមិសង្រ្គាមរុំារ៉ៃប្រមាណ៣ទសវត្សរ៍ ធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់ស្លាប់ និងពិការ ក្លាយជា «កោះសន្ដិភាព» នៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសជិតខាងដូចជា៖ថៃ, ហ្វីលីពីន និងភូមា កំពុងជួបប្រទះអសន្ដិសុខ និងសង្រ្គាមជាមួយពួកឧទ្ទាម។ នេះសរឲ្យឃើញថា «សន្ដិភាព» ពិតជាមានគុណតម្លៃណាស់សម្រាប់សង្គម និងជាគ្រាប់ពូជតែមួយគត់ ដល់ការលូតលាស់គ្រប់យ៉ាងក្នុងសង្គម។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះ ដើម្បីថែរក្សាគ្រាប់ពូជដ៏មានតម្លៃ «សន្ដិភាព» នេះឲ្យមានជីវិតជាអមតៈនោះ តោងខ្មែរកុលបុត្រម្នាក់ៗ ត្រូវតំាងចិត្ដដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួន អំពីអត្ដសញ្ញាណជាតិ ដោយឈរលើស្មារតីជាតិនិយម ក្នុងការទប់ទល់ទៅនឹងអាណានិគមគ្រប់បែបយ៉ាងដែលមានបំណងបំផ្លាញដល់ «សន្ដិភាព» ក្នុងនេះបច្ចុប្បន្ន បើនិយាយអំពីចំហាយនយោបាយអាណានិគមកំពុងបោកបក់យ៉ាងពេញនិយមនោះ គឺ «បដិវត្ដពណ៌» នេះឯង។

ដោយហេតុថា កន្លងមក ចំពោះបុព្វហេតុដែលបណ្ដាឲ្យបងប្អូនខ្មែរយើងបានជួបប្រទះទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរនោះ ពីព្រោះតែការដកបទពិសោធន៍ដែលគេដាក់បង្ខំទៅលើខ្លួន ក្នុងក្ដីស្រមើស្រមៃនេះឯង។

ដោយហេតុនេះ បច្ចុប្បន្នកម្ពុជាមាន «សន្ដិភាព» ហើយ។ បើដូចនេះ អ្វីដែលយើងគួរគិតនិងធ្វើបន្ដនោះ គឺ៖ ទី១៖ ពង្រឹងគុណភាពអប់រំ ទី២៖ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ទី៣៖ បង្កើតនូវសៀវភៅមាស ឬ ក្រំាងមាសសម្រាប់ដាក់នាមបុព្វបុរស កវី បណ្ឌិត អ្នកប្រាជ្ញ ដែលមានស្នាដៃគុណបំណាច់ជាតិ ទី៤៖ សាងសង់វិមានអនុវស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ទី៥៖ សាងសង់អនុវស្សាវរីយ៍ច្បាប់រដ្ឋធម្មនុញ្ញ និងទី៦៖ សាងសង់បូជនីយដ្ឋានសម្រាប់ទាហានអនាមិក៕