(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា មិនគួរលូកលាន់ចំពោះការតែងតាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសអនុប្រធាន និងសមាជិកស្ថាប័ននេះ ដែលបានលាលែងពីតំណែងទេ។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ)

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាអនុសាសន៍ចំពោះការរៀបចំតែងតាំងអនុប្រធាន និងសមាជិកគ.ជ.បថ្មីថា ការជ្រើសតាំងតំណែង អនុប្រធានគ.ជ.បម្នាក់ គួរតែផ្តល់ជូនគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយការជ្រើសរើសសមាជិកម្នាក់ គួរតែបានទៅលើ គណបក្សសញ្ជាតិកម្ពុជា ដែលនឹងទទួលបាន៥កៅអី ក្នុងការបែងចែកនាថ្ងៃខាងមុខ ហើយសមាជិកម្នាក់ទៀតដែលខ្វះនោះ គួរតែជ្រើសរើសចេញពី អង្គការសង្គមស៊ីវិល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា គណបក្សកាន់អំណាច មិនគួរចូលឡូកឡំបន្ថែមទេ គួរតែគណបក្សហ៊្វុនស៊ិនប៉ិចអាចមានម្នាក់ ហើយមកធ្វើអនុប្រធានម្តងទៅ ហើយក្រៅពីនោះដូចជាគណបក្សសញ្ជាតិកម្ពុជា ដែលបាន២អាសនៈដែរនោះគួរតែជូន១ទៅ ឯក្រៅពីនោះយកពីអង្គការក្រៅរដ្ឋាភិបាល១ទៅ នេះគ្រាន់តែជាយោបល់ខ្ញុំទេ ខ្ញុំក៏មានសំឡេង១ដែរ ក្នុងសភា»

ការបញ្ជាក់បែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងតំបន់ភ្នំពេញថ្មី រាជធានីភ្នំពេញ ក្រោយពេលដែល អនុប្រធាន និងសមាជិកគ.ជ.ប សរុប៣រូប កូតាមកពីគណបក្សសង្គ្រោះជាតិ បានលាលែងពីតំណែង កាលពីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយតុលាការរំលាយគណបក្សសង្រ្គោះជាតិ។ សមាជិកគ.ជ.ប ទាំងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិកគ.ជ.ប។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការលាលែងរបស់សមាជិកទាំងនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា ដែលធ្វើឡើងជាបន្តបន្ទាប់ នៅពេលខាងមុខនេះឡើយ។

សម្តេចបានថ្លែងថា «គេចង់ឱ្យ គ.ជ.ប គាំង គេឱ្យមនុស្ស៣នាក់លាលែង។ ឥឡូវយល់ថាម៉េចពេលនេះ? គេមិនដែលរៀបចំឱ្យគាំងទេ នៅពេលណារៀបចំច្បាប់ ដែលមានការចូលរួម ដោយគណបក្សប្រជាជន ច្បាប់នោះមិនដែលទុកឱ្យគាំទេ សូមកុំភាន់ច្រឡំ ដំណើរការនៅធម្មតា»។ សម្តេចបានបន្តថា «បោះឆ្នោត នៅតែបោះឆ្នោត! ហើយ៣នាក់នោះ គឺគេបើកច្រកឱ្យមាន ការជ្រើសរើសដើម្បីបំពេញបន្ថែម»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលាលែងរបស់សមាជិកគ.ជ.ប គឺជាការបង្ហាញការស្មោះត្រង់ជាមួយបក្សរបស់ពួកគេ មិនស្មោះត្រង់ជាមួយជាតិ។ សម្តេចក៏បានអំពាវនាវទៅកាន់ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប សូមកុំទទួលយក អនុប្រធាន និងសមាជិក ទាំង៣នាក់ ដែលបានលាលែងនេះ ឱ្យចូលធ្វើការវិញឱ្យសោះ។ សម្តេចបានប្រដូចការលាលែងនេះ ទៅនឹងពាក្យស្លោកខ្មែរមួយថា «ទន្សាយក៏រួច! ត្រីរស់ក៏រួច!»

បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយទទួលបានលិខិតលាលែងនេះ គ.ជ.ប នឹងពិភាក្សា លើនីតិវិធីបន្តទៀត ដែលនឹងរៀបចំជ្រើសតាំងសមាជិកថ្មីមកជំនួស ហើយស្នើទៅរដ្ឋសភា ដើម្បីបោះឆ្នោត។ ការពិភាក្សានេះ នឹងធ្វើឡើងក្រោយពេលគ.ជ.ប បែងចែកអាសនៈរដ្ឋសភា ជូនគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ បញ្ចប់រួចរាល់៕