(ភ្នំពេញ)៖ ជាការរំលឹកឡើងវិញថា ដើម្បីលើកកម្ពស់ជីវភាព និងលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រមាណជាង៧លានដុល្លារអាមេរិក ដោយមន្ត្រីរាជការម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ថែមលើប្រាក់បៀវត្សប្រចាំខែ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា បើតាមតួលេខពីមន្ត្រីជំនាញថវិកាប្រមាណ២៩ពាន់លានរៀល ស្មើនឹងប្រមាណជាង៧លានដុល្លារ ត្រូវចំណាយលើការឧបត្ថម្ភ ជូនមន្ត្រីរាជការទូទាំងប្រទេស ដោយម្នាក់ៗទទួលបាន៥ម៉ឺនរៀល។

លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់បានទេ ជុំវិញការចំណាយថវិកាសម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខ្លួនបានបញ្ចប់ការផ្ទេរប្រាក់បៀវត្ស សម្រាប់ខែកញ្ញា ឆ្នាំ២០១៧ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជំបិណ្ឌ (៥ម៉ឺនរៀល) ដល់គ្រប់រដ្ឋបាលថ្នាក់ជាតិ (ក្រសួង ស្ថាប័ន និងអង្គភាព ថ្នាក់កណ្តាល) និងរដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត) រួចរាល់ទាំងស្រុងហើយ។

សូមជម្រាបថា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនី គឺជាក្តីបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចតេជោ បានខិតខំប្រឹងប្រែងជាប្រចាំដើម្បីលើកកម្ពស់ជីវភាព ឲ្យកាន់តែមានជីវភាពធូរធា ឈានដល់ការលុបបំបាត់ភាពក្រីក្រឲ្យអស់ទាំងស្រុង។

ចំពោះមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្រៅតែពីទទួលបានប្រាក់ឧបត្ថម្ភ២ដងក្នុងមួយឆ្នាំ (បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ) ហើយនោះ រាជរដ្ឋាភិបាលកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀរវត្ស២ដងក្នុងមួយឆ្នាំផងដែរ។

ជាក់ស្តែងនៅឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងរួចហើយ ដោយការដំឡើងលើកទី១ ធ្វើឡើងនៅខែមករា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា១២ភាគរយក្នុងមួយឆ្នាំ និងការដំឡើងលើកទី២ ធ្វើឡើងក្នុងខែមេសា ឆ្នាំ២០១៧ គឺជាការដំឡើងប្រាក់បំណាច់មុខងារ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់នឹងមានប្រាក់ខែទាបបំផុត១លានរៀល៕