(ភ្នំពេញ)៖ កូនសិស្សគ្រប់គ្នា បានចូលទៅជួបសួរសុខទុក្ខលោកគ្រូ ស្រាប់តែថ្ងៃនេះបានទទួលដំណឹងថា លោកគ្រូអនិច្ចកម្ម ទៅហើយ តើអ្នកណាយល់ពីអារម្មណ៍មួយនេះ?

ពេញមួយជីវិតលោកគ្រូ ភុល ជឹម ជាគ្រូអក្សរសាស្ត្រខ្មែរ បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ប្រហែលជិត៤០ឆ្នាំ បំពេញនូវកាតព្វកិច្ច ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន នោះគឺការផ្តល់នូវចំណេះវិជ្ជា ជូនដល់កូនខ្មែរជាច្រើនពាន់ម៉ឺននាក់ មានសិស្សខ្លះក៏បានធ្វើការធំ សិស្សខ្លះក៏បានក្លាយទៅជាឧកញ៉ា សិស្សខ្លះធ្វើជាមន្ត្រីរាជការ និងសិស្សខ្លះជាអ្នករកស៊ីធម្មតា តែលោកគ្រូនៅតែជាគ្រូបង្រៀនដដែល។ មួយជីវិតបង្រៀនរបស់លោកគ្រូ លោកមិនដែលបាន ជិះកង់ ម៉ូតូ ឡាន ទៅបង្រៀន ដូចអ្នកឯទៀតទេ លោកតែងដើរចេញផ្ទះជាន់លើ ក្បែរអតីតរោងកុនឋានសួគ៌ នៅផ្លូវកម្ពុជាក្រោម ទៅបង្រៀននៅសាលាបាក់ទូក និងសាលាជ័យថាវី។ ។

ម្សិលមិញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ពួកយើងទាំងអស់គ្នា ជាអតីតកូនសិស្សលោកគ្រូ ធ្លាប់រៀននៅសាលាបាក់ទូក បានប្រផ្តុំគ្នា ទៅសួរសុខទុក្ខលោកគ្រូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែមានជម្ងឺទឹកនោមផ្អែមនិងរលាកតម្រងនោម។

ឋិតក្នុងវ័យ៧៤ឆ្នាំ ស្រាប់តែលោកគ្រូត្រូវធ្លាក់ខ្លួនឈឺ សម្រាកលើគ្រែ ធ្វើឲ្យពួកយើង ក្តុកក្តួលអួលណែនគ្រប់ៗគ្នា ពួកយើងមិនដឹងថា នឹងត្រូវអត់ទ្រាំទទួលនូវការឈឺចាប់ជំនួសលោកគ្រូ បានដោយយ៉ាងណានោះទេ ពួកយើងបានត្រឹមតែ រួបរួមគ្នា ក្រោមការដឹកនាំពីមិត្ត រ័ត្ន ស្រ៊ាង ប្រមែប្រមូលថវិកា បានចំនួន៤ពាន់ដុល្លារ ទុកសម្រាប់ជួយសម្រាលបន្ទុកគ្រួសារ ក្នុងការព្យាបាលជម្ងឺលោកគ្រូប៉ុណ្ណោះ។

ប៉ុន្តែថ្ងៃនេះ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ពួកយើងស្រាប់តែទទួលដំណឹងថា លោកគ្រូបានអនិច្ចកម្មទៅហើយ តើឲ្យពួកយើងទប់ទឹកភ្នែកម្តេចនឹងបាន?
* អ្នកណាទៅដឹងថា ពេលវេលាលោកគ្រូ អស់លឿនយ៉ាងនេះ?
* ហេតុអ្វីពួកយើង មិនអាចជួយឲ្យជម្ងឺលោកគ្រូបានធូស្រាលប្រសើរឡើងបាន?
* សូមឲ្យវិញ្ញាណក្ខន្ធដ៏មានគុណរបស់លោកគ្រូ បានទៅកាន់សុគតិភព សោយសុខក្នុងស្ថានសួគ៌អស់កាលជាអង្វែងតទៅ!

ទាំងអស់នេះ គឺជាសាររំលែកទុក របស់អតីតសិស្សសាលាបាក់ទូកមួយក្រុម ដែលប្រមូលផ្តុំចងក្រងឡើង ក្រោមការផ្តួចផ្តើម របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការសម្តែងនូវសេចក្តីសោកស្តាយអាឡោះអាល័យ ចំពោះមរណភាព របស់លោកគ្រូអក្សរសាស្ត្រខ្មែរ ភុល ជឹម និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោកគ្រូ។ សារមួយនេះ ពិតជាបានចាក់ដោតក្នុងក្រអៅបេះដូង អ្នកអានឲ្យទប់ទឹកភ្នែកមិនបានគ្រប់ៗគ្នា។