(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ បានទទួលមរណភាពនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយរោគាពាធ ហើយសពកំពុងតែរៀបចំធ្វើបុណ្យនៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិពីរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្រោយទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងនគរបាលចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី សួន ផុន ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានចូលបច្ច័យជាថវិកាផ្ទាល់ខ្លួន ចំនួន២លានរៀល​ និងប្រគល់​ថវិកា​​សមាគមមិត្តនគរបាល ចំនួន៦លានរៀល អង្ករ​ពីរបាវ​ ទឹក​ត្រី​៤យួរ​ ទឹក​ស៊ីអ៊ីវ៤យួរ ជូនដល់គ្រួសារសព លោកឧត្តមសេនីយ៍ត្រី​ សួន​ ផុន។

ឧត្តមសេនីយ៍ទោ សុខ សំណាង បានចាត់ទុកថា មរណភាពរបស់លោកឧត្តមសេនីយ៍ត្រី សួន ផុន ​គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ​របស់​ក្រុមគ្រួសារលោក សួន ផុន ទាំងមូល។ លើសពីនេះ លោក សួន ផុន ​បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារជាកងកម្លាំងនគរបាល ដែលលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជារហូតសង្ខារលត់។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសម្ដែងនូវការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕