(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរចំពោះការខ្នះខ្នែងរបស់ក្រុមគ្រូពេទ្យ​នៅមន្ទីរពេទ្យកាល់ម៉ែតក្នុងការជួយសង្គ្រោះ​អ្នកជំងឺម្នាក់ជាពលរដ្ឋឡាវ​មានសញ្ជាតិអាមេរិក ដែលធ្លាក់ខ្លួនឈឺពេលមកលេងស្រុកខ្មែរហើយគ្មានសាច់ញាតិ។

យោងតាមព័ត៌មានពីមន្ត្រីសុខាភិបាលបានឲ្យដឹងថា ស្ត្រីឡាវមានសញ្ជាតិអាមេរិកដែលធ្លាក់ខ្លួនឈឺនេះ មានឈ្មោះ Saelee Hayzel អាយុប្រមាណជា ៥០ឆ្នាំ។ លោកស្រីបានមកលេង​ស្រុកខ្មែរជាមួយកូនស្រីអាយុប្រមាណ ៩ឆ្នាំរយៈពេលប្រមាណ៣សប្តាហ៍មកហើយ។ អ្នកស្រីគ្រោងវិលត្រឡប់ទៅសហរដ្ឋវិញ​នៅសប្តាហ៍​ក្រោយនេះ។

ជាអកុសលនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ អ្នកស្រីបានធ្លាក់ខ្លួនឈឺ ដោយគ្មានសាច់ញាតិនៅក្បែរនោះឡើយ។ ក្រោយពេលធ្លាក់ខ្លួនឈឺ អ្នកស្រីក៏ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីជួយសង្គ្រោះ។

ពេលបញ្ជូនមកដល់មន្ទីរពេទ្យអ្នកស្រី Saelee Hayzel ត្រូវបានក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្នះខ្នែងដៃជើងជួយសង្គ្រោះអ្នកស្រីភ្លាមៗ បើទោះបីអ្នកស្រីមិនមានសាច់ញាតិមកជាមួយក៏ដោយនោះ។ ក្រៅពីជួយពិនិត្យព្យាបាលស្រ្តីជាម្តាយហើយ ក្រុមគ្រូពេទ្យក៏បានជួយមើលថែកូនស្រីតូច ដោយបាននាំទៅហូបបាយហូបទឹកផងដែរ។

បើយោងតាមក្រុមគ្រូពេទ្យ បានអះអាងថា ក្រោយការយកចិត្តទុកដាក់ជួយសង្គ្រោះពីក្រុមគ្រូពេទ្យអាការៈជំងឺរបស់អ្នកស្រី Saelee Hayzel បានល្អប្រសើរឡើងវិញហើយ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការពេញចិត្តពេញថ្លើមជាខ្លាំង ចំពោះកាយវិការរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត។ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់បន្តបណ្តុះមនសិការ និងឆន្ទៈលើវិជ្ជាជីវៈរបស់ខ្លួនបែបនេះ ដោយតម្កល់តម្លៃអាយុជីវិតរបស់ជនរងគ្រោះជាចម្បង។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «កាយវិការទាំងនេះហើយ ដែលជាការចង់បានរបស់រាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងប្រឹងប្រែងធ្វើកំណែទម្រង់លើវិស័យសុខាភិបាល និងកែលំអការផ្តល់សេវា។ ពោលប្រឹងប្រែងធ្វើយ៉ាងណាឲ្យការផ្តល់សេវាលើសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ឲ្យកាន់តែប្រសើរ»

សូមបញ្ជាក់ថា ស្ត្រីជាអ្នកជំងឺខាងលើនេះ មានស្វាមីជាជនជាតិខ្មែរ បច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋហ្វីឡាដេព្យា (philadelphia)។ បច្ចុប្បន្នក្រុមគ្រូពេទ្យ ក៏ដូចជាក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត ក៏កំពុងទាក់ទងជាមួយសាច់ញាតិរបស់អ្នកស្រី Saelee Hayzel ផងដែរ៕