(បន្ទាយ​មាន​ជ័យ​)៖​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក​ស្រី ម៉ៅ​ ម៉ា​ល័យ​ កែ ​គឹ​ម​យ៉ា​ន​ ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ និងលោកស្រី នួម​ សោភ័ណ​ តំណាងរាស្រ្ត​ អមដំណើរដោយលោកស្រី សុង​ ផល្លីន​ សួន ​បវរ​ និង​ថ្នាក់ដឹកនាំជាក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារសិក្សា១ខ្នងមាន ៥បន្ទប់ តម្លៃជាង២៤០លាន​រៀល​ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៥០០នាក់។

ក្នុងឱកាសនោះទាំងលោកស្រី ម៉ៅ​ ម៉ាល័យ ​កែ ​គឹមយ៉ាន ​បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្ថែមថា​ សាលាដែលជាថ្នាលបណ្តុះវិជ្ជា​ បង្កើនធនធានមនុស្ស​សម្រាប់ជួយកសាងប្រទេសជាតិឲ្យមានការរីកចម្រើន ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ បានដាក់ពង្រាយខិតទៅជិតផ្ទះផ្តល់ភាពងាយស្រួល ដល់កូនចៅប្រជាពលរដ្ឋយើងបានសិក្សារៀនសូត្រ​ចេះដឹង​ មានការងារធ្វើ​ បង្កើនចំណូលគ្រួសាររស់នៅក្នុងជីវភាពធូរធា​។

ជាមួយគ្នានេះ​ លោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ ​គឹមយ៉ាន​ បានបន្ថែមទៀតថា​ ទន្ទឹមនឹងការរីកចម្រើន ​និងភាពសុខសាន្តរបស់ប្រទេសជាតិ​ សូមមាតាបិតាឆក់ចាប់យកឱកាសមាសនេះ​ ដោយបញ្ជូនកូនចៅទៅទទួលការសិក្សាឲ្យបានគ្រប់ៗគ្នា និងជួយសហការអប់រំកូនចៅឲ្យបានល្អ ហើយធានាថា កូនចៅបានរីកចម្រើនធំធាត់ជាមូយនឹងចំណេះវិជ្ជា ដោយមិនជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន/គ្រឿងស្រវឹង​។

ជាវប្បធម៌ចែករំលែក​ លោកស្រី ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយចែកជូន៖១.ប្រជាពលរដ្ឋចូលរួមទាំងអស់ ម្នាក់ៗទទួលបានសារ៉ុងមួយ, ២.លោកគ្រូអ្នកគ្រូ១៤នាក់​ ម្នាក់ៗទទួលបានសារ៉ុងមួយថវិកា២ម៉ឺនរៀល​, ៣. ពេទ្យចំនួន៦នាក់​ ម្នាក់ៗសារ៉ុងមួយថវិកា២ម៉ឺនរៀល, ៤ ប៉ូលីស និងប្រជាការពារ២២នាក់​ ម្នាក់ៗសារ៉ុងមួយ សិស្សានុសិស្ស២​០០នាក់ម្នាក់ៗ​ ទទួលបានសាប៊ូដុសខ្លួនមួយដុំផងដែរ៕