(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយតំណាងស្ថានទូតអាមេរិក មាន Mr.Scott Schlossberg មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ច Mr.Chea Sokha ជំនួយការផ្នែកនយោបាយ, តំណាងស្ថានទូតជប៊ុន Mr Matsumoto IZUMI លេខាទី២ទូត, ប្រតិភូស្ថិតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន រួមមាន Mr.Wu Chao នាយកផ្នែកជំរឿនប្រជាជន នៃនាយកដ្ឋានប្រជាជននិងស្ថិតិការងារ Mrs.Jin Yu មន្ត្រីកម្មវិធីជាន់ខ្ពស់ ផ្នែកទំនាក់ទំនងទ្វេរភាគី នៃនាយកដ្ឋានអន្តរជាតិចិន តំណាងអង្គការអភិវឌ្ឍន៍នានា នៃអង្គការសហប្រជាជាតិ រួមមាន USAID , UNICEF និងUNFPA ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំរឿនពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចូលរួមត្រួតពិនិត្យមន្ត្រីសម្ភាសន៍ជំរឿននៅតំបន់នានា ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គណៈប្រតិភូចុះត្រួតពិនិត្យកិច្ចដំណើរការប្រមូលទិន្នន័យជំរឿននេះ ធ្វើឡើងនាទីតាំងពីរផ្សេងៗគ្នា ទីតាំងទី១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក និងទីតាំងទី២ ស្ថិតនៅ ភូមិចំការឱឡឹក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះតំណាងអង្គទូត តំណាងសហគមន៍អ៊ឺរ៉ុប តំណាងដៃគូរអភិវឌ្ឍន៍ និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា គ្រោងបន្តដំណើរការចុះត្រួតពិនិត្យដំណើរការប្រមូលទិន្នន័យ នាបណ្តាខេត្ត៤បន្តទៀត រួមមាន៖ ខេត្តកែប ខេត្តកំពត ក្រុងព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ៕