(ក្រចេះ)៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានរៀបចំវេទិកាយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធាន មន្ទីរជំវិញខេត្តនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅខេត្តក្រចេះរយៈពេលពីរថ្ងៃ។

លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូយុវជនកម្ពុជា បានឲ្យដឹងថា វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៨ ដែលគណៈប្រតិភូយុវជនទាំង៣ ប្រទេសបានមកជួបជុំគ្នានេះ ជាព្រឹត្តិការណ៍រៀបចំឡើងបន្តវេន បន្ទាប់ពីវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី៧ បានរៀបចំឡើងនៅក្នុងឆ្នាំ២០១៧ នាខេត្តប៊ិនហ្វ៉ឺក ប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍រួមរបស់ប្រជាជនតំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានកំណត់យកជាធាតុចូល ដ៏មានសារៈសំខាន់សម្រាប់រាយការណ៍ក្នុង កិច្ចប្រជុំគណៈកម្មាធិការជាតិ សម្រាប់សម្របសម្រួល កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដើម្បីផ្ដល់ឱ្យប្រមុខរាជរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ធ្វើសេចក្តីសម្រេចបានត្រឹមត្រូវ និងរៀបចំបាននូវគោលនយោបាយ និងកម្មវិធីជាតិអភិវឌ្ឍន៍យុវជនឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន។

នៅក្នុងកិច្ចប្រជុំយុវជន តំបន់ត្រីកោណអភិវឌ្ឍន៍ គឺពិភាក្សាលើរបៀបវរៈ៣សំខាន់ៗរួមមាន៖

*ទី១៖ យុវជន និងបច្ចេកវិទ្យា
*ទី២៖ យុវជននិងជំនាញសតវត្សទី២១
*ទី៣៖ យុវជន និងសហគ្រិនភាព។

គណៈប្រតិភូយុវជនទាំងអស់ នឹងធ្វើទស្សនកិច្ចសិក្សា លើទីតាំងចំនួន៣កន្លែង ក្នុងក្រុងក្រចេះរួមមាន៖

*ទី១៖ សហគមន៍ផលិតក្រឡានថ្មគ្រែ
*ទី២៖ សិប្បកម្មឡឥដ្ឋ
*ទី៣៖ សិប្បកម្មកែឆ្នៃវត្ថុអនុស្សាវរីយ៍។

ក្នុងវេទិការនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងស្រុកខ័ណ្ឌតំបន់ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម យុវជន ទាំង៣ប្រទេស និងពង្រឹងពង្រីកនូវស្មារតីសហការប្រតិបត្តិការ និងការយោគយល់គ្នា ក៏ដូចជាបង្កលក្ខណៈឲ្យយុវជនយើង នៃប្រទេសទាំង៣ ផ្លាស់ប្ដូរនូវបទពិសោធន៍ នឹងដាក់ចេញនូវផែនការ សកម្មភាពអនុវត្តរួមគ្នា។

នៅដើមឆ្នាំ២០០០ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងបី បានសម្រេចរៀបចំឱ្យមានជំនួបកំពូល រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំង៣ ដើម្បីបង្កើតជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅពង្រឹងខេត្តនៅជាប់ព្រំដែន ដោយជំរុញ និងលើកកម្ពស់ការវិនិយោគក្នុងខេត្ត នៅតាមតំបន់ជាប់ព្រំដែននៃប្រទេសទាំង៣។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលបានដាក់ចេញនេះ សង្ឃឹមជឿជាក់ថា «យើងទាំងអស់គ្នានឹងខិតខំប្រឹងប្រែង បង្កលក្ខណៈធ្វើយ៉ាងណា ឲ្យយុវជននៃ ប្រទេសទាំង៣ ទទួលបាននូវការអប់រំមួយឲ្យមានកំរិតខ្ពស់ ជាពិសេសលើកកម្ពស់ការអប់រំពីថ្នាក់ មត្តេយ្យសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ក៏ដូចជា ការអប់រំបច្ចេកទេស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើយ៉ាងណាដើម្បីប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដូចខេត្តផ្សេងៗទៀត»