(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា វត្តមានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs) ដែលនឹងចាប់កំណើតនៅពេលដ៏ខ្លីខាងមុខនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងជួយជំរុញដល់ការរីកចំរើនរបស់ SMEs នៅកម្ពុជា ពិសេសកាត់បន្ថយបាននូវការលំបាក ការទទួលឥណទាន។

លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្នុងកិច្ចសម្ភាសន៍ កម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News ថា តាមផែនការដែលបានគ្រោងទុក អនុក្រឹត្យស្តីពីការបង្កើតសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅក្នុងខែមីនា ឆ្នាំ២០១៩នេះ ហើយដំណើរការនៃធនាគារនេះ អាចនឹងចាប់ផ្តើមនៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ នៃឆ្នាំនេះ។

លោកអគ្គនាយកបញ្ជាក់ថា «លក្ខណៈពិសេសនៃធនាគារ ដែលយើងបង្កើតនេះ គឺជាធនាគារមួយសម្រាប់ជួយដល់ SMEs ទាំងឡាយណា ដែលកំពុងតែដំណើរការ អាជីវកម្មស្របច្បាប់នៅកម្ពុជា ដែលមិនអាចមានលទ្ធភាពខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជនបាន គឺយើងអាចឲ្យខ្ចីបាន។ អ្វីដែលសំខាន់នោះ ធនាគារ SMEs នេះធ្វើយ៉ាងដើម្បីឲ្យអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ទីផ្សារ ហើយមានទិសដៅមិនគិតពីប្រាក់ចំណេញអតិបរិមាទេ»

លោកបានបន្តថា ដើមទុនដំបូងសម្រាប់ដំណើរការធនាគារ SMEs មានចំនួន១០០លានដុល្លារ នឹងជួយបំពេញបន្ថែមនូវភាពខ្វះខាតផ្នែកហរិញ្ញវត្ថុ សម្រាប់វិស័យ SMEs។

លោក ឡាំ គឹមឡេង បញ្ជាក់ថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន៥២ម៉ឺនមូលដ្ឋាន (សហគ្រាស) ចែកចេញជា៤ផ្អែក៖​ទី១ ផ្នែកកសិកកម្មមាន ២១ភាគរយ នៃចំនួនសហគ្រាសទាំងអស់, ទី២៖ ផ្នែកឧស្សាហកម្ម ឬកម្មន្តសាល មាន៣០ភាគរយ, ទី៣៖ ផ្នែកធុរកិច្ច ឬពាណិជ្ជកម្ម មាន៤៣ភាគរយ និងទី៤៖ ផ្នែកសេវាកម្ម និងទេសចរណ៍ ដែលមានប្រហែល៧ភាគរយ។ សហគ្រាសធុនតូច និងមធ្យមនេះបានផ្តល់ការងារជូនពលរដ្ឋខ្មែរពី៧០ទៅ ៧២ភាគរយនៃការងារដែលមាននៅកម្ពុជា ដែលស្មើនឹងប្រមាណ៣ ទៅ៣.៥លាននាក់៕