(កំពង់ស្ពឺ)៖​ ក្រសួងរ៉ែ និងថាមពល បានសម្រេចព្យួរអាជ្ញាបណ្ណក្រុមហ៊ុនប្រកបអាជីវកម្មរ៉ែថ្ម និងខ្សាច់ ចំនួន៦ នៅក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រយៈពេល១សប្តាហ៍ជាការព្រមាន និងឈានទៅដល់ការបញ្ចប់អាជ្ញាបណ្ណតែម្តង នៅក្នុងករណីមិនរាងចាល ក្រោយក្រុមហ៊ុនទាំងអស់នេះ មិនគោរពតាមសេចក្តីសម្រេច​ នាថ្ងៃទី០១​ មីនា ឆ្នាំ២០១៩។

ការសម្រេចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យជាប្រចាំ និងបានរកឃើញថា នៅថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនចំនួននេះ៦ ពុំបានគោរពទៅតាមស្មារតីអង្គប្រជុំ និងសារាចរណែនាំរបស់ក្រសួង ដែលបានធ្វើការប្រជុំពីរលើករួចមកហើយនោះទេ ដោយក្នុងនោះក្រុមហ៊ុននៅតែបន្តបង្កឲ្យមានផលប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជា៖

* ដឹកជញ្ជូនខ្សាច់ និងថ្មបង្កឲ្យមានការខូចខាតផ្លូវ ហើយពុំបានជួសជុលឡើងវិញ

* បើកបរក្នុងល្បឿនលឿន ធ្វើឲ្យហុយធូលីយ៉ាងខ្លាំងប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយពុំបានយកចិត្តដាក់ស្រោចទឹកផ្លូវជាប្រចាំ

* បានធ្វើការដឹកជញ្ជូនទាំងថ្ងៃទាំងយប់ បង្កជាសំឡេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ

* ក្រុមហ៊ុនមួយចំនួន បានធ្វើសកម្មភាពកិនថ្មនៅពេលយប់ បង្កជាសំឡេងរំខានយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះ។

សូមជម្រាបថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល ​បានចាត់ក្រុមការងារដឹកនាំដោយលោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានចុះពិនិត្យជាបន្ទាន់ និងបានជួបប្រជុំជាមួយក្រុមហ៊ុនទាំងអស់ ដែលកំពុងប្រតិបត្តិការពាក់ព័ន្ធនឹងធនធានរ៉ែ ដោយក្រុមហ៊ុនទាំងអស់បានសន្យាថា នឹងគោរពតាមច្បាប់ និងដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋបានលើកឡើង។

បន្ទាប់មកនៅព្រឹកថ្ងៃទី០១ ខែមីនា លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញភាគីដែលពាក់ព័ន្ធរួមមាន តំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សា ជំរុញឱ្យមានការដោះស្រាយ និងឈានទៅដល់ការអនុវត្តជាក់ស្តែងលើចំណុច ដែលក្រុមហ៊ុនបានឯកភាពជាមួយ ក្រុមការងារក្រសួងរ៉ែ និងថាមពលដែលក្នុងនោះរួមមាន៖

១៖ សកម្មភាពនៃការដឹក ការកិន​ និងការបំផ្ទុះ​ ត្រូវធ្វើនៅចន្លោះពីម៉ោង៦ ព្រឹក​ ដល់ម៉ោង​៦ល្ងាច​, ២៖ការស្រោចទឹកថ្នល់ជាប្រចាំ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវភាព និងសុខភាពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ,៣៖ ការដឹកជញ្ជូនត្រូវរក្សានូវគម្លាត​យ៉ាងតិច​ ១៥០ម៉ែត្រ​ ពីរថយន្តមួយ​ទៅរថយន្តមួយ​ និងដោយរក្សាល្បឿនយឺតបំផុតនៅក្នុងទីប្រជុំជន​ និង ៤៖ ក្រុមហ៊ុនត្រូវរួមគ្នាចេញបដិភាគជួសជុលផ្លូវ ដែលរងការខូចខាតដោយសារការដឹកជញ្ជូនរបស់ខ្លួន។

ជាក់ស្តែងបន្ទាប់ពីកិច្ចប្រជុំទាំងពីរលើកនេះរួចមក ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យជាប្រចាំ និងបានរកឃើញថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនចំនួន៦នេះ នៅតែពុំបានគោរពទៅតាមស្មារតីអង្គប្រជុំ និងសារាចរណែនាំរបស់ក្រសួង ដូច្នេះក្រសួងរ៉ែ និងថាមពលបានសម្រេចព្យួរអាជ្ញាបណ្ណក្រុមហ៊ុនទាំងនោះ រយៈពេល១សប្តាហ៍ជាការព្រមាន និងឈានទៅដល់ការបញ្ចប់អាជ្ញាបណ្ណ តែម្តងនៅក្នងករណីមិនរាងចាល៕