(កំពង់ស្ពឺ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកិច្ចប្រជុំជាមួយក្រុមការងារមកពីអន្តរក្រសួង ស្ដីពីការត្រៀមរៀបចំទីតាំង បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោងរៀបចំពិធីនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គួរបញ្ជាក់ផងដែរថា ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-​ខេត្តព្រះសីហនុ ​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ ​ដែល​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​។

គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។

លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។

លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕