(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មន្ទីរកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ (០៨ មីនា ១៩១០-០៨ មីនា ២០១៩) ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធន ធានមនុស្ស»។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី។

លោក យន្ត មីន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ស្ត្រីត្រូវបានលើកទឹកចិត្ត និងជាដៃគូរមិនអាចខ្វះបានក្នុងកិច្ចសង្គម ទាំងអស់គ្នាត្រូវចូលរួមលើកកំពស់ស្រ្តី ដើម្បីធ្វើឲ្យពួកគេក្លាយជាកម្លាំងចលករ ប្រកបដោយសក្តានុពលចូលរួមចំណែក ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

តែទន្ទឹមនេះលោកអភិបាលជំរុញលើកទឹកចិត្តដល់ស្ត្រីទាំងឡាយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យបានខ្លាំងក្លាថែមទៀតស្របពេលដែលរាជរដ្ឋាភិបាលកំពុងមានលើកទឹកចិត្ត។

លោក យន្ត មីន បានបន្ថែថា ទិវាអន្តរជាតិនារី ៨មីនា ជាទិវាប្រវត្តិសាស្ត្រ នៃការលើកកម្ពស់សមភាពយេនឌ័រ។ លោកអភិបាលខេត្ត ទាំងអស់គ្នាត្រូវចៀសវាងដាច់ខាត នូវទំរង់គ្រប់រូបភាពនៃអំពើហិង្សាលើស្ត្រី។

លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារី បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី ក៏ដូចជា មន្ទីរកិច្ចការនារី កំពុងអនុវត្តលើកកម្ពស់ស្ថានភាព និងបង្កើនភាព អង់អាចដល់ស្ត្រី លើគោលនយោបាយសមភាពយេនឌ័រ និងគោលនយោបាយជាតិ ចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃសង្គមជាតិ» ការលើកកម្ពស់ស្ថានភាព តួនាទីឋានៈរបស់ស្ត្រីក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារក្នុងស្មារតីទទួលខុសត្រូវ ក្រសួង ក៏ដូចជា មន្ទីរបានខិតខំអនុវត្តនូវសកម្មភាព សំខាន់ៗផ្អែកតាមផែនការនារីរតនៈ ដែលមាន៥វិស័យដូចជា៖

*ទី១៖ ស្ត្រី និងក្មេងស្រីក្នុងវិស័យអប់រំ
*ទី២៖ ស្ត្រីក្នុងភាពអង់អាចផ្នែកសេដ្ឋកិច្ច
*ទី៣៖ ស្ត្រីក្នុងវិស័យកិច្ចការពារផ្លូវច្បាប់
*ទី៤៖ ស្ត្រី និងកុមារក្នុងវិស័យសុខភាព
*ទី៥៖ ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត៕