(ភ្នំពេញ)៖ ពីលើវេទិកាអបអរសាទរខួបទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវវឌ្ឍនភាពជាច្រើនលើការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការលើកតម្លៃរបស់ស្ត្រីខ្មែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងមុំទី៤ គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និង កិច្ចគាំពារសង្គមឱ្យមានប្រសិទ្ធភាពនិងតម្លាភាព សម្តេចបានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នាដើម្បីអនុវត្តនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពបង្កើនចំនួនស្ត្រីឱ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និង គ្រប់កម្រិត ទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់ ។

ទី២៖ ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពនឿនដំណើរការកាត់ក្តីឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវសហការគ្នាបង្កើតឱ្យមានមូលដ្ឋានស្ថិតិរួមជាផ្លូវការមួយដែលអាចតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាព នៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ទី៣៖ ក្រសួងអប់រំយុវជន និងកីឡាត្រូវធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹងការអនុវត្តវិន័យ ទន្ទឹមនេះត្រូវបន្តផ្តល់ឱកាស់ដល់ក្មេងស្រីនៅគ្រប់កម្រិត ដើម្បីបានសិក្សាមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ដែលជាយុគទំនើបកម្មបច្ចេកវិទ្យា ។

ទី៤៖ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មានត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអឺនធឺណិតនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រី តាមប្រព័ន្ធអឺនធឺណិត និងបញ្ហាញផ្សព្វផ្សាយផ្សេងៗ ដែលធ្វើឱ្យបាតស្តាប់ធ្នាប់សង្គម។

ទី៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបញ្ហាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំល្អៗ ដើម្បីបង្ហាញអំពីអត្តចរិតស្ត្រីខ្មែរ ជាពិសេការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ មានលក្ខណៈជាស្ត្រីខ្មែរ ស័ក្តិសម ជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់។

ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតលិខិតបទដ្ឋានគោលនយោបាយ និង ផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រ្តី និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមបណ្ហាខេត្តនានាតាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វើស្ថានភាពរបស់ស្ត្រីនៅកម្ពុជាត្រូវបានគេមើលឃើញថាមានភាពល្អប្រសើរច្រើនបើធៀបនឹងអតីតកាល។ របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បង្ហាញឱ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្រ្តី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ ១១២ នៅឆ្នាំ ២០១៦មកលេខ៩៣ នៅឆ្នាំ២០១៨។ ទន្ទឹមនេះ កម្ពុជាជាប្រទេសមានអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ (៧៩%) ហើយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន ៦៥% ជាស្ត្រី៕