(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ និងអង្វរកយ៉ាងទទូច សូមម្ចាស់ផ្ទះដែលមានស្ត្រីកំពុងបម្រើការងារតាមផ្ទះរបស់ខ្លួន ត្រូវតែមានការយោគយល់ខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ជូនដល់ស្ត្រីទាំងនោះ។

ការអំពាវនាវឲ្យយកចិត្តដាក់ និងយោគយល់របស់សម្តេចតេជោ ហ៊ុន សែន គឺចង់សំដៅឲ្យម្ចាស់ផ្ទះ មិនត្រូវប្រើប្រាស់អំពើហិង្សាលើស្ត្រីបម្រើការងារក្នុងផ្ទះ ដោយត្រូវផ្តល់ប្រាក់កម្រៃឲ្យកាន់តែប្រសើរជូនពួកគាត់ និងពិនិត្យលទ្ធភាពក្នុងការអាចឲ្យស្ត្រីបម្រើការងារតាមផ្ទះដែលមានវ័យក្មេង បន្តការសិក្សាជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីឲ្យគាត់មានការងារល្អ និងទទួលបានប្រាក់កម្រៃកាន់តែច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងប្រទេសរបស់យើងមានគ្រួសារមិនតិចទេ ដែលប្រើប្រាស់នូវស្ត្រីដែលមានប្តីហើយ និងនៅលូវមកធ្វើការតាមផ្ទះ តែយើងមិនបានយកចិត្តទុកដាក់អ្នកនៅជាមួយនេះទេ គ្នាត្រូវបោកគក់ផង ហើយត្រូវដាំស្លរផង ហើយទទួលបានៅប្រាក់កំរៃមិនគ្រប់គ្រាន់ទេ។ ត្រូវផ្តល់ការយកចិត្តទុកដាក់។ មានក្រុមគ្រួសារខ្លះដែលយើងបានឃើញជារឿយៗ នៅការបង្ហោះតាម Facebook នូវការវាយធ្វើបាបលើស្ត្រីអ្នកបម្រើតាមផ្ទះថែមទៀត។ ផ្តើមចេញពីគ្រួសារនីមួយៗទើបបាន ប្រសិនបើយើងមិនអាចយល់បញ្ហានេះបានទេ តើយើងនឹងទៅអប់រំនរណាទៀត បើគ្រាន់តែក្នុងផ្ទះរបស់យើងវាមានបញ្ហា អយុត្តិធម៌ទៅហើយនោះ តើយើងត្រូវមានយុត្តិធម៌ចំពោះស្ត្រីបែបណា?»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «ខ្ញុំអង្វរក និងសូមអំពាវនាវផ្តល់ការយោគយល់បន្ថែម សម្រាប់ស្ត្រីដែលកំពុងបម្រើការងារ នៅក្នុងផ្ទះរបស់យើង យើងមានលទ្ធភាពកាន់តែច្រើន យើងផ្តល់ប្រាក់ឲ្យគាត់ គាត់មានលទ្ធភាពដើម្បីបញ្ជូនទៅឲ្យកូនរបស់គាត់ ឬម្តាយរបស់គាត់ ដែលផ្តល់ឱកាសដែលឲ្យមកធ្វើការជាមួយយើង។ ចំណុចនេះខ្ញុំគិតថា បើយើងស្រុះគ្នាធ្វើ យើងទទួលបានផលកាន់តែល្អ ហើយធ្វើឲ្យសង្គមរបស់យើងគ្មានការរើសអើង រវាងម្ចាស់ផ្ទះជាមួយអ្នកបម្រើ។ ពិតហើយពួកគាត់មិនហ៊ានបំពានមកលើយើងនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហា គឺយើងបំពានលើគាត់ដោយមិនបានគិត អំពីការលំបាករបស់ពួកគាត់ឲ្យបានគ្រប់គ្រាន់។ ចំណុចនេះសូមមេត្តា​យោគយល់ អធ្យាស្រ័យទាំងអស់គ្នា​ហើយធ្វើទាំងអស់គ្នា»

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៀតថា ប្រសិនបើស្ត្រីជាអ្នកបម្រើតាមផ្ទះ នៅវ័យក្មេងម្ចាស់ផ្ទះគួរអនុញ្ញាតឲ្យពួកគាត់ អាចបន្តការសិក្សា ជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីឲ្យពួកគេអាចមានលទ្ធភាពទទួលបានការងារល្អ និងមានប្រាក់ចំណូលច្រើន។ ​

របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បង្ហាញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្រ្តី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ១១២ នៅឆ្នាំ២០១៦មកលេខ ៩៣ នៅឆ្នាំ ២០១៨ ។ ទន្ទឹមនេះ កម្ពុជាជាប្រទេសដែលមានអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ (៧៩%) ហើយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន ៦៥% ជាស្ត្រី៕