(ភ្នំពេញ)៖ ការងារជំរឿនទូទៅប្រជាពលរដ្ឋ កំពុងប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃមកហើយ ដើម្បីទទួលបានទិន្ន័យប្រជាសាស្ត្រជាក់លាក់ សម្រាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០។

ក្នុងដំណើរការ នៃការធ្វើជំរឿននេះដែរ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមមន្ត្រីជំរឿនរបស់រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅធ្វើជំរឿនផ្ទាល់ដល់គេហដ្ឋានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅនឹងសំណួរជាច្រើនរបស់មន្ត្រីជំរឿន។ នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំ ម្តងដើម្បីបានដឹងពីទិន្ន័យចំនួន ប្រជាជនច្បាស់លាស់ងាយស្រួលការរៀបចំផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ក្រៅពីការចុះធ្វើជំរឿនតាមខ្នងផ្ទះប្រជាពលរដ្ឋ មន្ត្រីជំរឿនរាជធានីភ្នំពេញ ក៏បានចុះធ្វើជំរឿនតាមគេហដ្ឋានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិដោយថ្នាក់ដឹកនាំបានជួយសំរួល និងផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមមន្ត្រីជំរឿនរបស់យើង។

ដើម្បីឲ្យការធ្វើជំរឿនទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឲ្យចូលរួមគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅ ប្រជាជនកម្ពុជាដោយត្រូវផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវនិងស្មោះត្រង់ជូនមន្ត្រីធ្វើជំរឿន។

សម្តេចមានប្រសាសន៍ថា ការធ្វើជំរឿននេះ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយទេ ដើម្បីបម្រើឲ្យផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។ «បើអាចចៀសវាងបាន សូមប្រជាពលរដ្ឋកុំធ្វើដំណើរទៅឆ្ងាយ ហើយសូមបងប្អូនយោគយល់ ឲ្យមន្ត្រីជំរឿនចូលទៅតាមលំនៅដ្ឋាននៅពេលយប់ផងដែរ»៕